(ភ្នំពេញ)៖ ស្របពេលទៅនឹងការរីករាលដាល នៃមេរោគកូវីដ១៩ និន្នាការនៃការទិញទំនិញអនឡាញ (Online Shipping) មានការកើនឡើងគួរជាទីកត់សំគាល់។ ក៏ប៉ុន្តែអ្នកប្រើប្រាស់អ៊ិនធឺណែតភាគច្រើន នៅមិនទាន់បានយល់ដឹង អំពីហានិភ័យនានាដែលអាចកើតមានឡើងជុំវិញ ការបញ្ជាទិញអនឡាញនៅឡើយទេ ដែលអាចឲ្យពួកគេ ទទួលរងគ្រោះបាត់បង់សាច់ប្រាក់ និងខាតបង់ពេលវេលា។
ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមធ្វើការណែនាំគន្លឹះសុវត្ថិភាពមួយចំនួនដូចខាងក្រោម៖
* ហានីភ័យក្នុងការទិញទំនិញអនឡាញ
ទំព័របណ្តាញសង្គមបោកប្រាស់៖ អ្នកលក់ខ្លះ បានបោកប្រាស់អ្នកទិញដោយទទួលប្រាក់ ហើយតែមិនដឹកជញ្ជូនទំនិញ ពួកអ្នកបោកប្រាស់ទាំងនោះ បានបង្កើតជាវេបសាយ ឬទំព័របណ្តាញសង្គមផ្សេងៗ ក្នុងការផ្សព្វផ្សាយលក់ទំនិញ តែមិនមានព័ត៌មាន ទីតាំងជាក់លាក់នោះទេ ករណីនេះ បានកើតឡើងយ៉ាងច្រើន នៅលើបណ្តាញសង្គម (social media)។
វេបសាយលក់ទំនិញក្លែងក្លាយ៖ ជនបោកប្រាស់ ឬឧក្រិដ្ឋជនបច្ចេកវិទ្យា បានបង្កើតវេបសាយលក់ទំនិញផ្សេងៗ ក្នុងតម្លៃថោក ឬបង្កើតវេបសាយ ឲ្យដូចទៅនឹងវេបសាយលក់ទំនិញល្បីៗ ដូចជា AMAZON និង EBAY ជាដើម ក្នុងការបោកបញ្ឆោត ជនរងគ្រោះធ្វើការបញ្ជាទិញ។
ជនរងគ្រោះអាចបាត់បង់ទាំងប្រាក់កាក់ និងអាចបាត់បង់ទាំងព័ត៌មានហិរញ្ញវត្ថុ (credit card) តាមរយៈការបញ្ជាទិញ នៅលើវេបសាយដែលគ្មានប្រភពច្បាស់លាស់ និងវេបសាយ ដែលបង្កើតឡើងដោយជនល្មើស។
* គន្លឹះសុវត្ថិភាពមួយចំនួន ដែលអ្នកគួរយល់ដឹងមានដូចខាងក្រោម៖
១៖ ហាងលក់ទំនិញក្លែងក្លាយ៖ សូមទិញទំនិញពីហាងដែលអ្នកស្គាល់ប៉ុណ្ណោះ ពេលទិញទំនិញនៅលើវេបសាយអនឡាញ សូមត្រួតពិនិត្យមើលអាសយដ្ឋាន “https” នៅក្នុង address bar និងប្រុងប្រយ័ត្នអំពីតួរអក្សរ និងលេខ ដូចជា “0” និង “o”, “1” និង “l” -ល-។
២៖ អ្នកបោកប្រាស់នៅបណ្តាញសង្គម៖ មានការកើនឡើងនៃការលក់ទំនិញអនឡាញយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសទំព័រ (page) ណាដែលលក់ទំនិញតម្លៃថោកខុសពីធម្មតាខ្លាំងពេក
៣៖ ការទូរទាត់ប្រាក់អនឡាញ៖ ត្រួតពិនិត្យរបាយការណ៍ទិញទំនិញ របស់អ្នកឲ្យបានទៀតទាត់, រាយការណ៍ទៅកាន់ធនាគារភ្លាមៗ បើអ្នកកត់សម្គាល់ឃើញ មានការទិញទំនិញ ឬប្រិតិបត្តិការដែលអ្នកមិនបានធ្វើ, ប្រើប្រាស់កាតសិប្បនិម្មិត ឬប្រើប្រាស់កាតពីរផ្សេងៗពីគ្នា ដែលមួយគឺសម្រាប់ដាក់ប្រាក់ និងមួយទៀតសម្រាប់ការទិញ និងទូរទាត់ថ្លៃទំនិញ។
ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕