(ភ្នំពេញ)៖ ជនជាតិចិន៣នាក់ ដែលជាម្ចាស់ទីតាំងឱសថស្ថានដាក់លក់ឧបករណ៍ធ្វើធ្វើតេស្តរកជំងឺ Covid-១៩ ក្លែងក្លាយ ដែលសមត្ថកិច្ចបង្រ្កាបបាន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា គិតរហូតដល់ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបអ្នកចែកចាយ និងលក់ ឧបករណ៍ធ្វើតេស្តកូវីដ ក្លែងក្លាយចំនួន១៣លើក ដោយឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ក្នុងនោះមាន ១១ នាក់ត្រូវបានអប់រំ ហើយដោះលែងវិញ និង៣នាក់ត្រូវបានបញ្ជូនទៅតុលាការ។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ដល់បណ្ដាញព័ត៌មាន Fresh News។
ក្នុងចំណោមការបង្ក្រាបបទល្មើសលក់ និងចែកចាយឧបករណ៍ និងសម្ភារៈប្រឆាំងកូវីដ ទាំង១៣ លើក រយៈពេល៣ថ្ងៃនេះមាននៅភ្នំពេញ ១០ករណី ខេត្តសៀមរាប១ករណី និងនៅខេត្តព្រះសីហនុចំនួន២ករណី ដោយក្នុងនោះមានជនជាតិចិនចំនួន ៥នាក់ និងជនជាតិខ្មែរចំនួន ៩នាក់ ត្រូវបានឃាត់ខ្លួន។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានថ្លែងចេញបទបញ្ជាឲ្យកម្លាំងនគរបាល នៃស្នងការរាធានី-ខេត្តទូទាំងប្រទេស សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ឃាត់ខ្លួន និងឱសថស្ថានណា ដែលលក់ឧបករណ៍ធ្វើធ្វើតេស្តិ៍រកជំងឺ Covid-19។
ការចេញបទបញ្ជាដ៏ក្តៅគគុកនេះធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០៕