(កំពង់ធំ)៖ លោក នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្ត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានចុះចែកក្រមា អាកុល សាប៊ូលាងដៃ និងសម្ភារមួយចំនួន ដល់ក្រុមការងារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត Covid-19។
សម្ភារចែកជូនរួមមាន៖ អាលកុល១២០ប៊ីដុងតូច, អាលកុលឆៅ១៨កាន, ដបសំរាប់ដាក់បាញ់អាល់កុលចំនួន១២០, សាប៊ូលាងដៃ, របាំងមុខចំនួន៥០០ សម្រាប់មន្រ្តី មណ្ឌលសុខភាព និងសំរាប់ចែកជូនបងប្អូនអាជីវករ មី ទឹកសុទ្ធ និងក្រមាចំនួន៥០០ និងថវិកាមួយចំនួនផងដែរ។
ក្នុងឱកាសនោះ លោក នង វាសនា បានណែនាំឲ្យប្រជាពលរដ្ឋ ចូលរួមចលនាបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នូវទូទាំងពិភពលោក តាមសេចក្ដីណែនាំ ក្រសួងសុខា ភិបាល និងស្របតាមស្មារតី នៃសារាចរណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយមិនត្រូវមើលរំលង ក្នុងការថែទាំសុខភាពឡើយ ហើយក្នុងករណី មិនស្រួលខ្លួនសង្ស័យ បានឆ្លងជំងឺកូវីដ១៩ សូមទាក់ទងទៅអ្នកដែលផ្តល់សេវាសុខភាព ឬមន្ទីរពេទ្យ ដើម្បីទទួលបានការណែនាំ និងផ្តល់ព័ត៌មាន។
ជាមួយគ្នានោះ លោក នង វាសនា ក៏សូមឲ្យបងប្អូនប្រជាជនទាំងអស់ ចូលរួមធ្វើអនាម័យ ដោយលាងសម្អាតដៃ នឹងសាប៊ូជាប្រចាំ ឲ្យបានទៀងទាត់ និងពាក់ម៉ាស, ពាក់ស្រោមដៃជាប្រចាំ ដើម្បីថែរក្សា នូវសុខភាព ឲ្យបានល្អប្រសើរ ពោលគឺការពារប្រសើរជាជាងព្យាបាល គឺត្រូវតែស្អាត និងមានអនាម័យជានិច្ច «ការពារខ្លួនយើង ក៏ដូចការពារក្រុមគ្រួសារយើងផងដែរ»។
លោក នង វាសនា បានផ្សព្វផ្សាយនូវសារ របស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ក្នុងការការពារមេរោគ (COVID-19) ដូចជា៖
១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះ ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ មកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ១១៥ជាបន្ទាន់។
៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរ មកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់។
៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព។
ក្នុងឱកាសនោះ លោក សុខ លូ និងលោក នង វាសនា ក៏បានបន្តចុះសួរសុខទុក្ខ និងចែកជាសម្ភារមួយចំនួន ជូនចាស់ជរា និងបងប្អូនកម្មករចំណាកស្រុក ដែលទើបមកពីប្រទេសថៃផងដែរ។
លោក នង វាសនា ក៏បានផ្តល់អំពូលភ្លើងសូឡា ដាក់បំភ្លឺតាមផ្លូវចំនួន១៦អំពូល ជូនលោកមេឃុំសុចិត្រ សំរាប់ដាក់បំភ្លឺតាមសងខាងផ្លូវត្រង់ចំនុចទីប្រជុំឃុំសុចិត្រ និងអំពូលបង្គោលភ្លើងសូឡា១២សំរាប់បន្ថែមទៀត ដល់ទីរួមស្រុកសណ្តាន់ ដើម្បីបំភ្លឺអបអរក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខាងមុខនេះ។
លោក នង វាសនា បានសំណូមពរដល់ក្រុមការងារគណបក្ស ចុះជួយស្រុកសណ្តាន់គ្រប់ៗរូប ចុះជួយចលនាដល់បងប្អូនប្រជាជន និងអាជីវករ ដើម្បីចលនារួមចំណែក ចូលរួមសកម្មភាព ដាក់អំពូលភ្លើង សូឡា បំភ្លឺតាមគ្រប់ ទីប្រជុំឃុំ ទាំងអស់ នៃស្រុកកណ្តាល ព្រៃឡង់ មួយនេះ ដោយលោកនឹងចេញបដិភាគ ក្នុងការទិញអំពូលបំភ្លឺ ទាំងអស់ រីឯសមាជិកក្រុមការងារគណបក្ស និងបងប្អូនប្រជាពលរដ្ឋជួយបដិភាគចេញចំណាយសំរាប់ ទិញបង្គោល និងរៀបចំតម្លើង បង្គោលភ្លើងទាំងនោះ៕