(ព្រៃវែង)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា ឡាយ ម៉េងស៊ុន អគ្គនាយកក្រុមហ៊ុន SKD ដែលបានឧបត្ថម្ត ទឹកអាល់កុលចំនួន ២០០០លីត្រ ដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺ COVID-19 ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជា។
លោកអភិបាលខេត្តបានឲ្យដឹងថា ទាំងនេះគឺជាកាយវិការ និងទឹកចិត្តដ៏ស្មោះសរបស់លោកឧកញ៉ា និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ មិនឲ្យមានការរីករាលដាល COVID-19 នេះ។ លោកថ្លែថា បច្ចុប្បន្ននេះ COVID-19 បាននិងកំពុងឆ្លង និងសម្លាប់មនុស្សរាប់ម៉ឺននាក់នៅលើពិភពលោក ចំណែកនៅក្នុងប្រទេសកម្ពុជាយើងវិញ ជំងឺនេះក៏បានឆ្លងរាលដាលផងដែរ។
លោកក៏សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តព្រៃវែង ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងការពារកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដល់ខ្លួននិងនៅក្នុងមូលដ្ឋានផងដែរ។ សូមបញ្ជាក់ផងដែរថា បើគិតមកដល់ថ្ងៃនេះ នៅក្នុងខេត្តព្រៃវែង ពុំទាន់មានករណីឆ្លង COVID-19 នៅឡើយទេ៕