(ភ្នំពេញ)៖ លោក ម៉ុត ដារ៉ា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះថា លោកកំពុងរៀបចំឯកសារប្តឹងឧទ្ធរណ៍ទាស់នឹង សេចក្តីសម្រេចរបស់លោកស្រី ស៊ លីណា ចៅក្រមស៊ើបសួរ ដែលសម្រេចដោះលែងជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់អ្នកដទៃជាង ៥១ម៉ឺនដុល្លារ (ចេញសែកស្អុយ)។
បើយោងតាមសមត្ថកិច្ច ជនត្រូវចោទរូបនេះមានឈ្មោះ ស៊ុន សារឿន អាយុ ៥២ឆ្នាំ រស់នៅផ្ទះលេខ៨១ ផ្លូវលេខ២៨ ស្ថិតក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនត្រូវចោទមានតួនាទីជានាយកក្រុមហ៊ុន (ស៊ុន កៅ) ត្រេនស្ព័រ ថេ សិន ឯ.ក ដែលជាក្រុមហ៊ុនសេវាកម្រៃជើងសារ លើការដឹកជញ្ជូនទំនិញឆ្លងដែន។
ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃ២៩ ខែមីនា ឆ្នាំ២០២០ ដោយជាប់ពាក់ព័ន្ធពីបទ «ឆបោក និងចេញសែកស្អុយ» (គ្មានសាច់ប្រាក់) ជាង ៥១ម៉ឺនដុល្លារ។
បន្ទាប់ពីពិនិត្យ និងបើកការស៊ើបសួរ លោក ម៉ុត ដារ៉ា ដែលជាតំណាងអយ្យការកាន់សំណុំរឿង បានសម្រេចចោទប្រកាន់ជនត្រូវខោទខាងលើ និងបញ្ជូនសំណុំរឿងទៅចៅក្រមចាត់ការបន្ត ដោយស្នើសុំឱ្យមានការឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្ន ប៉ុន្តែបែរជាត្រូវលោកស្រី ស៊ លីណា ជាចៅក្រមស៊ើបសួរ សម្រេចដោះលែងជាបណ្ដោះអាសន្ន ក្រោមការដាក់ឱ្យនៅក្រោមការ ត្រួតពិនិត្យតាមផ្លូវតុលាការ៕