(ភ្នំពេញ)៖ កងទ័ពរំដោះប្រជាជនចិន ២៦៥នាក់ បានត្រឡប់ទៅប្រទេសរបស់ពួកគេវិញហើយនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បន្ទាប់ពីបានបិទបញ្ចប់លំហាត់សមយុទ្ធនាគមាសឆ្នាំ២០២០ ជាមួយកងទ័ពកម្ពុជាប្រកបដោយជោគជ័យខ្ពស់។
ដំណើរនិវត្តន៍របស់កងទ័ពចិនត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការជូនដំណើរពីកងទ័ពកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ប្រតិបត្តិការសមយុទ្ធនាគមាសលើកទី៤ ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ធ្វើឡើងរយៈពេល១៥ថ្ងៃ ពីថ្ងៃទី១៥ ដល់ទី៣០ ខែមីនា នៅទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី របស់កងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្នុងភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។
សមយុទ្ធនាគមាសលើកទី៤នេះ ធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ហើយក៏មានទ្រង់ទ្រាយជាបណ្តាឆ្នាំកន្លងទៅផងដែរ។
សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ កងយោធពលខេមរភូមិន្ទ បានបញ្ជូនកម្លាំង ចូលរួមចំនួន ២,៧៤៦នាក់ ក្នុងនោះមានកម្លាំងចាត់ចែងទូទៅចំនួន ២៧នាក់ កម្លាំងធ្វើសមយុទ្ធចំនួន ៤៦៣នាក់ និងក្រៅពីនោះជាកម្លាំងសម្រាប់ពិធីបើក និងបិទសមយុទ្ធ។
សមយុទ្ធនាគមាសឆ្នាំ២០២០ មានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍ សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត ។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាង បណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺដើម្បីវាស់ស្ទុងសមត្ថភាព គុណភាព កងទ័ពប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងន័យមួយដើម្បីបង្កើនសមត្ថភាព គុណភាពដល់កងទ័ពកម្ពុជា ហើយសមយុទ្ធនេះ នឹងធ្វើឱ្យកងទ័ពកម្ពុជា ចំណេញច្រើន ដោយទទួលបានបទពិសោធន៍ជាច្រើន ពីខាងភាគីកងទ័ពរំដោះប្រជាជនចិន ទាក់ទងនឹងការប្រឆាំងអំពើភេរវកម្ម ការសង្គ្រោះគ្រោះមហន្តរាយ និងរបៀងវារៈ ជាច្រើនទៀត ។
សម្រាប់សមយុទ្ធនាគមាសឆ្នាំ២០២០ កងទ័ពចិន បានបញ្ជូនឧទ្ធម្ភាគចក្រចំនួន៥គ្រឿង កាំភ្លើងធំ ១២២ មីលីម៉ែត្រ, ដេ៣០ ចល័ត ចំនួន ៣គ្រឿង រថពាសដែក ចំនួន ៩គ្រឿង, រួមជាមួយគ្រឿងយន្តដទៃទៀតសម្រាប់បម្រើឱ្យសកម្មភាពសមយុទ្ធនាគមាស ២០២០នេះ ចំនួន ២៨គ្រឿង ព្រមទាំងសព្វាវុធ និងឧបករណ៍ជាច្រើនទៀត ដើម្បីធ្វើការបាញ់រួមគ្នាក្នុងរយៈពេល ១៥ថ្ងៃនេះ។
លំហាត់សមយុទ្ធនាគមាសលើកទី៤ ត្រូវបានគេវាយតម្លៃថាទទួលបានជោគជ័យដ៏ល្អប្រសើរ ហើយក៏បានរួមចំណែកពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ក្នុងពិធីបិទលំហាត់សមយុទ្ធថា លំហាត់សមយុទ្ធនេះមាស២០២០ គឺជាលំហាត់មួយដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំគាត់ត្រាទុក ក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរ ដោយសារការរៀបចំសមយុទ្ធនេះ ស្របពេលបណ្ដាប្រទេសទាំងអស់ នៅលើសាកលលោកនិយាយជារួម និងនិយាយដោយឡែកប្រទេសកម្ពុជា-ចិន បាននឹងកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយការរីករាលដាល នៃជំងឺផ្លូវដង្ហើម Covid-19 ដ៏ធ្ងន់ធ្ងរ។
លោក វ៉ាង វិន ធៀន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានចាត់ទុកលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០នេះ គឺជាយុទ្ធការជាក់ស្តែងមួយក្នុងការអនុវត្តកិច្ចព្រមព្រៀង របស់ថ្នាក់ដឹកនាំកងទ័ពប្រទេសទាំងពីរ ក្នុងការជំរុញឱ្យកាន់តែស៊ីជម្រៅថែមទៀត នៃកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងចូលរួមជំរុញលើកម្ពស់សមត្ថភាពនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខបន្ថែមទៀត៕