(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន តម្រូវឱ្យមន្ត្រីរាជការបម្រើការនៅក្រសួង និងតាមមន្ទីរទូទាំងប្រទេស រាយការណ៍ព័ត៌មានពីបញ្ហាសុខភាពរបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។ ការរាយការណ៍ព័ត៌មានលើបញ្ហាសុខភាពនេះ មិនមានផលលំបាកឡើយ គឺមន្ត្រីអាចរាយការណ៍បានតាមទូរស័ព្ទ ឬកុំព្យូទ័ររបស់ពួកគេ តាមប្រព័ន្ធបច្ចេកវិទ្យាដែលផលិតឡើងដោយក្រសួង។
ដើម្បីរាយការណ៍ព័ត៌មានសុខភាពនេះ ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ ក៏ដូចជាមន្ត្រីជាប់កិច្ចសន្យាបម្រើការនៅក្នុងក្រសួង និងតាមមន្ទីរ ចូលទៅកាន់គេហទំព័រ http://trace.covid19.mpwt.gov.kh ឬ ស្កែន QR Code។ បន្ទាប់មកបំពេញព័ត៌មានពាក់ព័ន្ធនឹងសុខភាព ដែលបានរៀបចំនោះជាការស្រេច។
ដោយឡែកមន្ត្រីបម្រើការងារនៅកំពង់ផែស្វយ័តភ្នំពេញ និងក្រុងព្រះសីហនុ មន្ទីរពិសោធន៍សំណង់ និងសាធារណការ ត្រូវរៀបចំទម្រង់រាយការណ៍អំពីស្ថានសុខភាពបុគ្គលិក និងកម្មករក្រោមឱវាទរបស់ខ្លួន មកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមប្រព័ន្ធតេឡេក្រាមរបស់ក្រសួង។
ដើម្បីធានាបានដល់ការអនុវត្តន៍ការងារតាមដានសុខភាពរបស់មន្ត្រីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដល់មន្ត្រីនាយកដ្ឋានរដ្ឋបាល ពង្រឹងការតាមដាន និងជំរុញទៅគ្រប់អង្គភាព ឱ្យមានការអនុវត្តវាស់ស្ទង់សីតុណ្ហភាព ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រ្តីរាជការទាំងអស់ ដែលចូលបម្រើការងារនៅក្នុងបរិវេណកន្លែងបំពេញការងារ។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំទៅមន្ត្រីនៃនាយកដ្ឋានបុគ្គលិក ត្រូវសហការជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ តាមដាន និងជំរុញនូវការអនុវត្តការបំពេញទម្រង់ឌីជីថល និងរាយការណ៍តាមប្រព័ន្ធតេឡេក្រាម រួចធ្វើការបូកសរុបជារបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងជាប្រចាំ។
ក្នុងករណីកត់សម្គាល់ឃើញថា បុគ្គលិកមន្ត្រីរាជការណាមួយមានបញ្ហាសុខភាព ឬសង្ស័យមានផ្ទុកជំងឺកូវីដ១៩ ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំទទួលបន្ទុក ដើម្បីស្នើសុំគោលការណ៍សម្រាប់ចាត់វិធានការឱ្យបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការដាក់ចេញវិធានការ គឺគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ និងចូលរួមថែទាំសុខភាពរបស់មន្ត្រីរាជការឱ្យចៀសឆ្ងាយពីជំងឺកូវីដ១៩។ មួយវិញទៀត វីធីនេះ ក៏ជាការចូលរួមធានានូវនិរន្តរភាពការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋក្នុងកំលុងពេលនៃការរាតត្បាតដោយសារជំងឺកូវីដ១៩ផងដែរ៕