(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយករងក្រុមហ៊ុន 7NG និងលោកស្រី ជាតំណាងឧញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន 7NG ដែលបានឧបត្ថម្ភជាទឹកប្រាក់ចំនួន៧៧៧៧ដុល្លារ និងអង្ករចំនួន១០តោន សម្រាប់ត្រៀមឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងទប់ទល់ជំងឺកូវីដ១៩ (Covid-19) នៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
លោកអភិបាលខេត្តបានថ្លែងថា «ជំនួយទាំងនេះ គឺជាទឹកចិត្តដ៏ល្អមួយ ដែលចេះជួយគ្នាទៅវិញទៅមក ដោយកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ»។
លោកឧកញ៉ា ស្រី ចន្ធូ បានថ្លែងថា កាផ្តល់ជូនថវិកា៧៧៧៧ដុល្លារ និងអង្ករចំនួន១០តោន សម្រាប់ត្រៀមឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងទប់ទល់ជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាលនេះ ធ្វើឡើងដើម្បីចូលរួមចំណែក ជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជុំវិញពិភពលោក ពិសេសកម្ពុជាផងដែរ។
លោកឧកញ៉ាក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ កុំភ័យខ្លាំងពេក តែត្រូវចេះការពារខ្លួន រក្សាអនាម័យជាប្រចាំ លាងសម្អាតដៃឱ្យញឹកញាប់ និងពាក់ម៉ាសក្នុងចំណោមមនុស្សច្រើន។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់២៥នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស៣នាក់ ជនជាតិបារាំង១នាក់ បុរសជនជាតិម៉ាឡេស៊ី១នាក់ និងជនជាតិខ្មែរ១៩នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៨នាក់ និងបុរស៥៦នាក់៕