(ភ្នំពេញ)៖ មកទល់នឹងដើមឆ្នាំ២០២០នេះ អតីតនិស្សិតអាហារូករណ៍នៅប្រទេសរុស្ស៊ីបីរូបហើយ ដែលបានក្លាយជារដ្ឋមន្ត្រីនៅស្ថាប័នបីផ្សេងគ្នា។
រដ្ឋមន្ត្រីទាំងបីរូបនេះ សុទ្ធតែទទួលបានសញ្ញាបត្របណ្ឌិត មកពីអតីតសហភាពសូវៀត បច្ចុប្បន្នប្រទេសរុស្ស៊ី ក្នុងនោះរួមមាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក៏ជាឧបនាយករដ្ឋមន្រ្តីផងដែរ, លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា, និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កន្លងមកនេះ រដ្ឋមន្ត្រីពីររូបហើយ គឺលោក អូន ព័ន្ធមុនីរ័ត្ន និងលោក ហង់ ជួនណារ៉ុន ត្រូវបានមហាជនវាយតម្លៃខ្ពស់ពីសមត្ថភាពដឹកនាំដោយឡែក សម្រាប់លោក ជា វ៉ាន់ដេត ក៏ត្រូវបានគេរំពឹងដូចគ្នា។
បើតាមការសាកសួរមន្ត្រីជាច្រើនដែលធ្លាប់ធ្វើការជាមួយនឹងលោក ជា វ៉ាន់ដេត បានឲ្យដឹងថា គាត់ជាអ្នកដឹកនាំមួយរូបដែលត្រជាក់ គោរពភាពថ្លៃថ្នូរបស់មនុស្ស តស៊ូក្រាញននៀលនឹងការងារ ជាពិសេសព្យាយាមរកគន្លឹះ រកដំណោះស្រាយដើម្បីប្រសិទ្ធការងារ។
យ៉ាងណាក៏ដោយ ការផ្ដល់ទំនុកចិត្តនិងតំណែងដ៏ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ដល់អតីតនិស្សិតអាហារូបករណ៍ទាំងបីរូបឲ្យធ្វើជារដ្ឋមន្ត្រីគឺជាការលើកទឹកចិត្ត និងផ្ដល់នូវក្តីសង្ឃឹមយ៉ាងខ្លាំងសម្រាប់និស្សិតទាំងអស់ដើម្បីឲ្យពង្រឹងសមត្ថភាព និងការខិតខំប្រឹងប្រែងរៀងៗខ្លួន ទោះជាសិក្សានៅទីណាក៏ដោយ។ សមត្ថភាពនេះហើយ ការប្រឹងប្រែងនេះហើយ ដែលនាំទៅដល់ការផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា៕
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍