(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក ម៉ា ឈឿន បានថ្លែងអំពាវនាវដល់សកម្មជន និងប្រជាពលរដ្ឋ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃកម្ពុជា ជាបន្តបន្ទាប់ទៀត ដើម្បីបន្តដឹកនាំនាវាកម្ពុជា កាន់តែរីកចំរើន និងការអភិវឌ្ឍន៍ សម្រាប់សង្គមជាតិប្រជាជនទាំងមូល។
ការថ្លែងបែបនេះរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួម អបអរសាទរ ថ្ងៃជ័យជំនះ៧មករា ខួបលើកទី៣៧ ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក ម៉ា ឈឿន បានមានប្រសាសន៏ពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជម្រុញការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។
លោក ម៉ា ឈឿន បានក្រើនរំលឹកអំពីប្រវត្តិនៃថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់ប្រជាជនខ្មែរចាកផុតពីការកាប់សំលាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ប៉ុន្តែត្រូវបានមនុស្សមួយចំនួនបំភ្លៃការពិតខុសពីប្រវត្តិសាស្ត្រ ដែលប្រជាជនស្ទើរទូទាំងប្រទេសបានជួបប្រទះនិងចងចាំជានិច្ចនូវថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។ លោកក៏បានសំណូមពរសូមអោយប្រែក្លាយស្មារតីថ្ងៃ៧ មករា ទៅជាសកម្មភាពជាក់ស្ដែងខិតខំប្រកបមុខរបរកសិកម្ម និងមុខរបរផ្សេងៗ ទៀតឈានឆ្ពោះទៅកែប្រែ ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រឿងស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍ រួមចំណែកកសាងនិងអភិវឌ្ឍភូមិ ឃុំ សហគមន៍ និងប្រទេសជាតិរបស់យើងក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងសូមអោយស្មារតី ៧មករាស្ថិតស្ថេរ ជាអមតៈនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរជារៀងរហូត៕