(ព្រះសីហនុ)៖ កម្លាំងល្បាតផែនការងារព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្ក្រាបអំពើចោរកម្មបានចំនួន ៤ករណី ក្នុងយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅក្នុងទីតាំងផ្សេងៗគ្នា ក្នុងមូលដ្ឋាន ក្រុង-ខេត្តព្រះសីហនុ និងបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ ក្នុងនោះមានជនជាតិចិន ភេទប្រុសចំនួន ២នាក់។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះយ៉ាងដូច្នេះថា៖
*ករណីទី១៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០១៖០០នាទីយប់ រំលងអាធ្រាត្រ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវអូរទី១ ស្ថិតនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ភេទប្រុស ជាជនជាតិចិន ជិះម៉ូតូ១គ្រឿង ម៉ាក អ៊ែរប្លែត គួរឲ្យសង្ស័យ កម្លាំងសមត្ថកិច្ចក៏ឃាត់ដើម្បីត្រួតពិនិត្យ តែជនសង្ស័យបានបន្ថែមល្បឿន ជិះគេចខ្លួន រហូតដល់ផ្លូវមុខកាស៊ីណូ ប៉ាវទូ តាមបណ្តោយផ្លូវឯករាជ្យ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ។ បន្ទាប់មកបានឆែកឆេររកឃើញសោរច្នៃ សំរាប់កាច់បំបែកសោកម៉ូតូ និងឧបករណ៍មួយ ចំនួនទៀត ។
*ករណីទី២៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០២៖១០នាទី រំលងអាធ្រាត្រ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្លូវ គមនាគមន៍ចាស់ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ១គ្រឿង ម៉ាកអ៊ែរប្លែត គួរឲ្យសង្ស័យ កម្លាំងសមត្ថកិច្ច ក៏តាមឃ្លាំមើលរហូតដល់ចំណុចផ្លូវខ្មែរប្រណិត ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ក៏ឃាត់ឆែកឆេររកឃើញថា ម៉ូតូដែលជនសង្ស័យជិះបែកគ្រាប់សោរ និងប្រើប្រាស់ផ្លាកលេខក្លែងបន្លំ។
*ករណីទី៣៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៣៖៣០នាទី ទៀបភ្លឺ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យ៣នាក់ កំពុងធ្វើសកម្មភាព លួចដោះយកម៉ាស៊ីនត្រជាក់១គ្រឿង នៅចំណុចម្តុំតោ២ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបស្ទាក់ចាប់បានជនសង្ស័យ២នាក់ ភេទប្រុស រីឯម្នាក់ទៀតរត់គេចខ្លួនបាត់។
*ករណីទី៤៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៤៖០០នាទីទៀបភ្លឺ កម្លាំងផែននគរបាលព្រហ្មទណ្ឌ បានចេញល្បាតតាមដងផ្លូវ ក៏ប្រទះឃើញជនសង្ស័យ ១នាក់ ភេទប្រុស កំពុងធ្វើសកម្មភាព លួចយកម៉ាស៊ីនភ្លើង១គ្រឿង នៅចំណុចផ្លូវអូរ១ ស្ថិតនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទើបចាប់ឃាត់ខ្លួន ជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំង៤ករណីខាងលើ ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី៕