(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលរស់នៅស្នាក់អាស្រ័យរយៈពេលជាង ១០ឆ្នាំហើយ ស្ថិតនៅបឹងទំពន់ (បឹងធំ) ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ បានស្នើសុំយ៉ាងទទូចដើម្បីធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ ក្រៅពីការដោះស្រាយផលប៉ះពាល់លើគោលនយោបាយអភិវឌ្ឍន៍ពីសំណាក់រាជរដ្ឋាភិបាល និងអាជ្ញាធរ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋម្នាក់តំណាងប្រជាពលរដ្ឋជាង ២០០គ្រួសារផ្សេងទៀត ស្ថិតនៅបឹងទំពន់ (បឹងធំ) ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បាននិយាយថា គាត់បានទិញដីនេះទំហំ ២៧៧ម៉ែត្រការ៉េ ក្នុង១ម៉ែត្រការ៉េតម្លៃ ៦៥ដុល្លារប៉ុណ្ណោះ និងបន្តកាន់កាប់ស្នាក់អាស្រ័យរហូតដល់ទៅជាង ១០ឆ្នាំមកហើយ ដែលកាលណោះក្នុងឆ្នាំ២០០៧ ឫ២០០៨ គឺជាដីធ្វើស្រែប្រាំង មិនមែនជាដី (បឹងធំ) និងមានតម្លៃខ្ពស់កប់ពពកដូចបច្ចុប្បន្ននេះឡើយ។ បើតាមតំណាងពលរដ្ឋ, អ្នកខ្លះទទួលបានកម្មសិទ្ធិស្របច្បាប់ តែអ្នកផ្សេងទៀតដែលមានលំនៅដ្ឋានរស់នៅក្បែរៗគ្នា មិនទទួលបានកម្ម សិទ្ធិទៅវិញ ដោយមិនដឹងមកពីមូលហេតុអ្វីឲ្យប្រាកដ។
ការស្នើសុំយ៉ាងទទូចរបស់តំណាងប្រជាពលរដ្ឋជាង ២០០គ្រួសារទៅកាន់រាជរដ្ឋាភិបាល ឲ្យជួយផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូន គឺបានធ្វើឡើងក្រោយពីអាជ្ញាធរដាក់ឱសានវាទឲ្យពួកគាត់ ត្រឹមតែរយៈពេល ៧ថ្ងៃប៉ុណ្ណោះ ជាកំហិត បើគិតចាប់ពីថ្ងៃទី២៦ ខែមីនា រហូតដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ៕