(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចេញបទបញ្ជាដល់កងទ័ពគ្រប់កងឯកភាព និងបន្ទាយទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលខាងមុខនេះ មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត គឺត្រូវត្រៀមកម្លាំងជាស្រេច ដើម្បីចេញអន្តរាគមន៍ទប់ស្កាត់ ការរីករាលដាលមេរោគកូវីដ១៩។
យោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ វង្ស ពិសេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ អគ្គមេបញ្ជាការដាក់ចេញនូវបទបញ្ជាចំនួន៣ចំណុចរួមមាន៖
១៖ មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ កងឯកភាព ស្ថាប័ននិងសាលា ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលមានទ័ពប្រមូលផ្តុំ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូន ទោស័ក ព.ស២៥៦៤ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ដូចខាងក្រោម៖
* មិនអនុញ្ញាតឲ្យយោធិនចេញក្រៅកងឯកភាព ឬបន្ទាយជាដាច់ខាត។
* មិនត្រូវប្រមូលផ្តុំជប់លៀង ឬពិធីផ្សេងៗនាំឲ្យប៉ះពាល់ដល់វិធានការការពារមេរោគកូវីដ១៩។
* ត្រូវត្រៀមកម្លាំងជាស្រេច ដើម្បីអន្តរាគមន៍ទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ តាមបទបញ្ជាអគ្គបញ្ជាការ។
២៖ ត្រូវយកចិត្តទុកដ្ឋានអនុវត្តឲ្យមានប្រសិទ្ធភាព តាមសារាចរណែនាំ ស្តីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ១៩ របស់អគ្គបញ្ជាការ។
៣៖ នាយកខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ នាយកស្ថាប័ន និងសាលាចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវចាត់តាំងអនុវត្តបទបញ្ជានេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខារហូតមានបទបញ្ជាថ្មី៕