(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ជំរុញ និងលើកទឹកចិត្តម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្តការទិញស្រូវពីកសិករតម្លៃមួយ សមរម្យតាមតម្លៃទីផ្សារ បើខ្វះទុនបង្វិល សូមទាក់ទងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលកំពុងរង់ចាំផ្តល់កម្ចី។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ដើម្បីធានាសន្តិសុខស្បៀង ជាពិសេសអង្ករសម្រាប់បង្ការត្រៀមទុក ក្នុងករណីដែលកាលទេសៈ ប្រទេសកម្ពុជាយើង និងពិភពលោក មានការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ (COVID-19) ក្នុងរយៈពេលវែង។ ដោយភាពឈ្លាសវៃប្រកបដោយគតិបណ្ឌិត ក្នុងការគិតគូរពីសុខមាលភាព និងសុវត្ថិភាពស្បៀងអាហារសម្រាប់ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើសេចក្តីសម្រេចឱ្យផ្អាកការនាំចេញស្រូវ និងអង្ករស មួយរយៈពេល រហូតដល់មានការជូនដំណឹងសារជាថ្មី ដែលត្រូវចូលជាធរមានចាប់អនុវត្តពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នេះតទៅ។
ដើម្បីជួយដល់ប្រជាកសិករ ដែលមានស្រូវនៅសល់ត្រូវការលក់ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់ថវិការបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាឥណទាន តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលខ្វះខាតទុនបង្វិល ក្នុងការទិញស្រូវ។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ សហព័ន្ធស្រូវអង្ករកម្ពុជា សូមជំរុញ និងលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ជាពិសេសបណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមានឃ្លាំងស្តុក សូមមេត្តាចូលរួមបន្តការទិញស្រូវអ៊ីអ៊ែរ៨៥ (IR85) អ៊ីអ៊ែរ ៥០៤ (IR504) អូអឹម៥៤៥១ (OM5451) ពីកសិករដែលផលិតបាន ក្នុងតម្លៃមួយសមរម្យតាមតម្លៃទីផ្សារ។
ចំពោះរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន ដែលមិនមានទុនបង្វិលគ្រប់គ្រាន់ សូមអញ្ជើញធ្វើការទាក់ទងស្នើសុំនូវកម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តាមអាស័យដ្ឋានទាក់ទងដូចខាងក្រោម៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាគារលេខ៩-១៣ វិថីលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទាក់ទង លោក ចាន់ សីហា អគ្គនាយករង 012 881 969 និងលោក មិត្ត ប៊ុន ប្រធាននាយកដ្ឋានឥណទាន 077 759 159៕