(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បន្តដឹកនាំក្រុមការងារចុះតាមខ្នងផ្ទះប្រជាពលរដ្ឋគ្រប់ច្រកល្ហក នៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងក្រមាផងដែរ ជូនដល់ប្រជាពលរដ្ឋមានជីភាពខ្វះខាត និងរងផលប៉ះពាល់ក្នុងជីវភាពខ្លាំងដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩។
លោកទេសរដ្ឋមន្ត្រី គន់ គន់ បានឱ្យដឹងថា នៅក្នុងស្រុកត្រពាំងប្រាសាទ មានប្រជាពលរដ្ឋជួបការខ្វះខាត និងកំពុងប្រឈមការលំបាក ព្រោះបាត់ចំណូលពីឥទ្ធិពលនៃជំងឺកូវីដ១៩ ប្រមាណជា ៣,៥៩១គ្រួសារ។
ក្នុងដំណើរទៅកាន់ស្រុកត្រពាំងប្រាសាទ ដើម្បីស្វែងរកប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាព លោក គន់ គីម និងក្រុមការងារ បានធ្វើដំណើរទៅគ្រប់ច្រកល្ហក និងតំបន់ដាច់ស្រយាលខ្លាំង។ កន្លែងខ្លះដោយសារសភាពផ្លូវលំបាកនោះលោកទេសរដ្ឋមន្ត្រី និងក្រុមការងារជ្រើសយកការធ្វើដំណើរតាមម៉ូតូ ឬថ្មើរជើងក៏មាន។
ស្បៀងអាហារដែលលោកទេសរដ្ឋមន្ត្រី បាននាំយកទៅជូនប្រជាពលរដ្ឋនាពេលនោះ មានអង្ករ ត្រីខ ទឹកស៊ីវ និងទឹកត្រីជាដើម។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា ការផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាត នឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ពោលរហូតដល់ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាវិលត្រឡប់មករកភាពប្រក្រតីវិញ នៅពេលវិបត្តិនៃជំងឺកូវីដ១៩បិទបញ្ចប់។
ក្នុងដំណើរចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកត្រពាំងប្រាសាទ លោកទេសរដ្ឋមន្ត្រី និងក្រុមការងារ ក៏បានឆ្លៀងពន្យល់អប់រំ ប្រជាពលរដ្ឋឱ្យអនុវត្តន៍នូវវិធានទាំងឡាយរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លង និងចម្លងជំងឺកូវីដ១៩។
ស្រុកត្រពាំងប្រាសាទក៏មានប្រជាពលរដ្ឋមួយចំនួនទើបត្រឡប់មកពីស្រុកថៃផងដែរ។ ដើម្បីបង្ការ និងបញ្ចៀសការចម្លងជំងឺកូវីដ១៩ ជាយថាហេតុណាមួយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ច្រែងក្រុមគ្រូពេទ្យស្ម័គ្រចិត្តដើរវាស់កម្តៅអ្នកទាំងនោះ និងបានណែនាំឱ្យពួកគេដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅនេះ បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិទាំងអស់ ធ្វើដំណើរចុះទៅមូលដ្ឋានស្វះស្វែងរកប្រជាពលរដ្ឋជួបការខ្វះខាតក្នុងជីវភាព និងផ្តល់នូវស្បៀងអាហារ ក្រមា និងជំនួយចាំបាច់នានា ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋក្នុងកំលុងពេលរងវិបត្តិដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩។ ទន្ទឹមនឹងផ្តល់ជាស្បៀងអាហារ និងជំនួយចាំបាច់នានាហើយនោះ ក៏ត្រូវផ្តល់ការអប់រំដល់ពួកគាត់ ដើម្បីចៀសផុតពីការឆ្លង និងចម្លងជំងឺកូវីដ១៩ផងដែរ។
ក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពយ៉ាងសស្រាកសស្រាំចុះទៅតាមទីតាំងរបស់ពួកគេរៀងៗខ្លួន ដើម្បីផ្តល់ជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋខ្វះខាត។ លោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ ក៏បានធ្វើដំណើរចុះទៅក្រុមច្រកល្អកផងដែរ។
បន្ទាប់ពីការចុះជួបប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម មិនត្រឹមតែផ្តល់ជាអំណោយសង្គ្រោះ និងដោះស្រាយក្នុងជីវភាពនោះទេ លោកក៏កំពុងរិះរកនូវវិធី ដើម្បីស្តារ និងដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរបស់ពួកគេ តាមរយៈការលើកកម្ពស់ជីវភាពឡើងវិញផងដែរ។
បើតាមលោកទេសរដ្ឋមន្ត្រី គន់ គីម ការដាំដុះបន្លែ និងចិញ្ចឹមសត្វ គឺជាដំណោះស្រាយមួយ ដែលអាចជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល។ លោកបានអះអាងថា ការដាំដុះបន្លែ និងចិញ្ចឹមសត្វ វាមិនត្រឹមតែជួយជីវភាពពលរដ្ឋត្រឹមក្នុងពេលជួបវិបត្តិដោយសារជំងឺកូវីដ១៩ទេ តែអាចជួយទ្រទ្រងជីវភាពរបស់ប្រជាពលរដ្ឋរយៈពេលវែងផងដែរ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា លោកបានរៀបចំចាត់ចែងក្រុមការងារ ធ្វើការជាមួយមន្ត្រីមន្ទីរកសិកម្មខេត្ត រកកអ្នកបច្ចេកទេស ផ្តល់ជាបច្ចេកទេស ផ្តល់ជាគំនិតនានា គាំទ្រ និងលើកកម្ពស់ការដាំដុះ និងចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋនៅលើទឹកដីជាយដែនមួយនេះ៕