(ភ្នំពេញ)៖ ជាការចាំបាច់មួយដែរ សម្រាប់ក្រសួងមុខងារសាធារណៈ គឺត្រូវបន្តបង្កើនការពង្រឹងក្រមសីលធម៌ និងសមត្ថភាពរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ខណៈចំនួនមន្ត្រីរាជការ កំពុងមានកំណើនរៀងរាល់ឆ្នាំ, នេះជាចំណុចមួយដែលឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រំលេចឡើងក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈថ្មី ដែលធ្វើឡើង នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងមុខងារសាធារណៈ។
បន្ទាប់ពីធ្វើការក្នុងវិស័យមុខងារសាធារណៈបានប្រមាណ២២ឆ្នាំ មកហើយនោះ លោក ពេជ្រ ប៊ុនធិន ត្រូវបានព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យផ្លាស់ពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដំឡើងទៅជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយតំណែងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ត្រូវបានព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យតែងតាំងលោក ព្រុំ សុខា ជំនួសវិញ។
លោក ពេជ្រ ប៊ុនធិន បានរៀបរាប់ពីសមិទ្ធផលជាច្រើនដែលលោក និងថ្នាក់ដឹកនាំទាំងឡាយបានអនុវត្តការងារសម្រេចបានជាបន្តបន្ទាប់ ព្រមទាំងការរៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់ទិសដៅការងារបន្តទៅមុខ។
បន្ទាប់ពីលោក ជាប សត្ថារតន៍ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឡើងអានព្រះរាជក្រឹត្យលេខនស/រកត ០៣២០/៤២១ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្តីពីការតែងតាំងលោក ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួចមក លោក ព្រុំ សុខា ក៏បានឡើងប្តេជ្ញាជំរុញអនុវត្តឲ្យបានជោគជ័យនយោបាយកំ ណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពទាំង៤ ជាពិសេសកំណែទម្រង់វិស័យសាធារណៈ ដោយប្រកាន់ខ្ជាប់នូវបាវចនា ២ និងអភិក្រម ៥ ដែលជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបាវចនា ២ គឺកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ លើមូលដ្ឋានឯករាជ្យ និងអធិបតតេយ្យភាពជាតិ និងអភិក្រមទាំង ៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
លោករដ្ឋមន្ត្រីថ្មីបានប្ដេជ្ញាបន្តពង្រឹងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិល ដោយផ្អែកទៅលើគោលការណ៍គុណាធិបតេយ្យ រួមចំណែកកសាងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ។
ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងវាយតម្លៃខ្ពស់ចំពោះលោក ពេជ្រ ប៊ុនធិន ដោយក្នុងការអភិវឌ្ឍកាន់តែល្អប្រសើរឡើងនៃវិស័យមុខងារសាធារណៈកម្ពុជា លោក ប៊ិន ឈិន បានសង្កេតឃើញថា លោក ពេជ្រ ប៊ុនធិន និងថ្នាក់ដឹកនាំគ្រប់លំដាប់ឋានានុក្រមនៃក្រសួងមុខងារសាធារណៈ បានប្រែក្លាយមុខងារសាធារណៈកម្ពុជា ពីការធ្វើសមាហរណកម្មមន្ត្រីរាជការគ្រប់ភាគី ដែលជាផលប៉ះពាល់រយៈពេលយូរនៃការអនុវត្តយុទ្ធវិធីមួយក្នុងចំណោមយុទ្ធវិធីផ្សេងៗទៀតនៃនយោបាយឈ្នះ-ឈ្នះ មកជាប្រព័ន្ធមុខងារសាធារណៈតែមួយ ក្របកបដោយសមត្ថភាព សង្គតិភាព និងសុខដុមនីកម្ម។
ទាំងនេះសបញ្ជាក់ឲ្យឃើញថា ការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ក្រោមសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់លោក ពេជ្រ ប៊ុនធិន បានរួមចំណែកធ្វើឲ្យការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវលទ្ធផលជាទីគាប់ប្រសើរ ដែលរាជរដ្ឋាភិបាលកម្ពុជាបានកត់ត្រាជាស្នាដៃ និងសមិទ្ធផលទាំងនេះ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។
នាឱកាសនោះ លោក ប៊ិន ឈិន បានផ្តល់នូវមគ្គទេសដឹកនាំ និងមតិផ្តាំផ្ញើដល់លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ព្រមទាំងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដែលជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការ និងប្រធានមន្ទីររបស់ក្រសួងមុខងារសាធារណៈទាំងអស់ ដើម្បីយកទៅអនុវត្តការងារឲ្យកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕