(ព្រៃវែង)៖ លោក សុខ ផេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានដឹកនាំមន្រ្តី ក្រុមប្រតិបត្តិសាខាក្រុមការងារអនុសាខាស្រុក យុវជន និងអ្នកស្ម័គ្រចិត្ត បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ តាមរយៈការផ្សព្វផ្សាយសារអប់រំ របស់ក្រសួងសុខាភិបាល និងបិទប៉ុស្ទ័រពីវិធីការពារ របៀបអនាម័យខ្លួនប្រាណ ដើម្បីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនូវជំងឺកូវិដ១៩ តាមទីសាធារណៈ និងបង្រៀនរបៀបលាងដៃឲ្យត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅស្រុកស្វាយអន្ទរ និងស្រុកស៊ីធរកណ្ដាល។ សាខាកាកបាទក្រហមកម្ពុជា បាននិងកំពុងបន្តសកម្មភាពចុះផ្សព្វផ្សាយនេះដល់បងប្អូនប្រជាពលរដ្ឋទូទាំង ១៣ ក្រុង ស្រុក នៃខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរលោក សុខ ផេង បានផ្តាំផ្ញើការសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរ ពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរនិន្នាការនយោបាយអ្វីឡើយ។ ជាពិសេស ដោយបច្ចុប្បន្ននេះ មានការរីករាល ដាលឆ្លងជំងឺ Covid19 មកដល់ ប្រទេសកម្ពុជាយើងនេះ សម្ដេចប្រធានក៏សូមផ្ដាំផ្ញើដល់ប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ ដើម្បីការពារ និងទប់ស្កាត់កុំឱ្យមានការឆ្លងមកក្រុមគ្រួសាររបស់យើង។
លោកក៏បានលើកឡើងដែរថា ការចុះផ្សព្វផ្សាយនេះគឺក្នុងគោលបំណងដើម្បីបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ឲ្យគាត់បានយល់ដឹងកាន់តែច្បាស់អំពីវិធានការការពារ ទប់ស្កាត់ អំពីការរីករាលដាលនៃជំងឺ Covid 19 ដែលកំពុងតែឆ្លង មកប្រទេសកម្ពុជាយើងនេះ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូចខាងក្រោម៖
*១៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
*២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
*៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
*៤៖ ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
*៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
*៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។
ក្នុងការចុះផ្សព្វផ្សាយ អំពីវិធានការការពារ ទប់ស្កាត់ នៃជំងឺ Covid19 នោះផងដែរ សាខាបានផ្តល់ជូននូវសម្ភារដល់អនុសាខានីមួយៗទទួលបាន៖ អាល់កុល ៨លីត្រ ផុស្ទ័រ ១៥សន្លឹក សាប៊ូ ៨ដុំតូច។ ក្នុងនោះដែរ គ្រួសារដែលបានទទួលការផ្សព្វផ្សាយពីជំងឺកូវីដ១៩ ដែលមានជីវភាពខ្វះខាត ទាំងពីស្រុកមានចំនួន ៤០គ្រួសារ សាខាក៏បានផ្តល់ជូន អង្ករ ២៥គ.ក ត្រី ខ ១យួរ សាប៊ូ ១ដុំ និងអាវចំនួន ៥។
អ្នកស្ម័គ្រចិត្តទទួលបាន៖ អាល់កុល ២៥០ml និងសាប៊ូ ១ដុំ នោះផងដែ៕