(ភ្នំពេញ)៖ ដើម្បីជាការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន J&T Express Cambodia ដែលជាក្រុមហ៊ុនដឹកជញ្ជូន តាមអនឡាញ នាំមុខគេនៅអាស៊ីអាគ្នេយ៍ ហៅកាត់ J&T នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានសម្រេចចូលរួមបរិច្ចាគសម្ភារបរិក្ខាពេទ្យ មានដូចជា ឯកសណ្ឋានពេទ្យ ម៉ាស់ ស្រោមដៃ និងទឹកសម្លាប់មេរោគ ដែលសរុបជាទឹកប្រាក់ចំនួនជាង ២១លានរៀល ជូនដល់ដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ Covid-19។
J&T បានចូលរួមយ៉ាងមមាញឹកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយអំពាវនាវឲ្យមានការបរិច្ចាកសម្ភារៈការពារនៃជំងឺកូវីដ១៩នេះ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនមិនត្រឹមតែ ការពារកន្លែងការងាររបស់បុគ្គលិកប៉ុណ្ណោះទេ ព្រមទាំងប្រើយុទ្ធសាស្រ្ត «ចែកចាយកញ្ចប់ដោយមិនប៉ះពាល់គ្នា» យុទ្ធសាស្រ្តនេះត្រូវបានអតិថិជនគាំទ្រយ៉ាងខ្លាំង។
J&T មិនត្រឹមតែធានាការងារទប់ស្កាត់ និងបង្ការវីរុសកូវីដ-១៩ នេះតាមរយៈការចូលរួមបរិច្ចាគសម្ភារៈពេទ្យជូនក្រសួងសុខាភិបាលនោះទេ សូម្បីតែកន្លែងការងារ ឧបករណ៍សម្ភារៈ សុទ្ធតែត្រូវបានកំចាត់មេរោគទាំងអស់ ហើយចំពោះមជ្ឈមណ្ឌលបែងចែកទំនិញគឺមានការបាញ់ថ្នាំកំចាត់មេរោគយ៉ាងទៀតទាត់ ដើម្បីធានាកញ្ចប់ បញ្ញើដែលផ្ញើពីតំបន់មួយទៅតំបន់មួយទៀតមិនមានមេរោគ។ J&T ក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីបង្ហោះវីដេអូរទាក់ទងនឹងវិធានការទប់ស្កាត់ និងបង្ការ ដើម្បីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នការពារខ្លួនឯងផងដែរ។
មុនពេលវីរុសកូវីដ១៩ បានវឹកវរនៅប្រទេសកម្ពុជា J&T ក៏បានចាត់វិធានការទប់ស្កាត់ភ្លាមៗ ដោយអនុវត្តនៅតាមហាងទទួលបញ្ញើ ដូចជាក្រុមហ៊ុនបានចែកម៉ាស ស្រោមដៃ ទឹកសម្លាប់មេរោគ និងកំណត់ពេលវេលាវាស់កំដៅ និងស្ដង់ដារនៃដំណើរការប្រតិបត្តិការការងារជាដើម។ J&Tកម្ពុជា និងបុគ្គលិកពាក់ព័ន្ធ សូមជូនពរដល់ប្រទេសកម្ពុជា ឲ្យប្រយុទ្ធឈ្នះនឹងវីរុសនេះក្នុងពេលឆាប់ៗ និងជូនពរប្រជាជនទាំងអស់មានសុខភាពល្អ។
សូមបញ្ជាក់ថាបច្ចុប្បន្ន J&T ជាក្រុមហ៊ុនដឹកជញ្ជូន តាមអនឡាញ នាំមុខគេនៅអាស៊ីអាគ្នេយ៍ ដែលបានគ្របដណ្ដប់ចំនួន៧ប្រទេស នៃតំបន់អាស៊ីអាគ្នេយ៍មាន៖ ឥណ្ឌូនេស៊ី វៀតណាម ម៉ាលេស៊ី ហ្វីលីពីន ថៃ កម្ពុជា និងសិង្ហបុរី៕