(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងរៀបចំប្រលែងអាវុធទំនើបចុងក្រោយរបស់រុស្ស៊ី សម្រាប់ធ្វើសង្គ្រាមប្រឆាំងនឹងក្រុមភេរវករ ជាពិសេសគឺក្រុមឧទ្ទាម ISIS ដែលអាវុធថ្មីបំផុតនោះគឺជាសត្វកណ្ដុរ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Daily News ។
ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី កំពុងសិក្សាទៅលើគម្រោងថ្មីមួយ ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា ជាមួយនឹងខួរក្បាលរបស់សត្វកណ្ដុរ ដែលត្រូវបានគេជឿថា វានឹងមានប្រសិទ្ធភាព ហើយក៏ជាអាវុធដ៏អស្ចារ្យមួយផងដែរ សម្រាប់អនាគតដ៏ខ្លីខាងមុខនេះ។
តាមរយៈវីដេអូដែលអ្នកវិទ្យាសាស្ត្ររបស់រុស្ស៊ី បានបង្ហាញគឺអ្នកវិទ្យាសាស្ត្របានបំពាក់នូវឧបករណ៍ម្យ៉ាងនៅលើក្បាលកណ្ដុរសម្រាប់ភ្ជាប់ទំនាក់ទំនងទៅនឹងខួរក្បាលកណ្ដុរ និងប្រើប្រាស់ច្រមុះរបស់សត្វកណ្ដុរដើម្បីហិតក្លិនថ្នាំញៀន ឬអាវុធជាតិផ្ទុះជាច្រើន។
ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានអះអាងថា ពួកគេត្រូវបានពេលវេលាប្រមាណ ២ឬ៣ខែនឹងទទួលបានលទ្ធផលពីការសាកល្បងមួយនេះ ហើយវាអាចនឹងយកទៅប្រើប្រាស់នៅក្នុងការធ្វើសង្គ្រាមបាននៅក្នុងឆ្នាំនេះ។
ក្រៅពីហិតក្លិនថ្នាំញៀន និងអាវុធជាតិផ្ទុះ សត្វកណ្ដុរនេះក៏ជាឧបករណ៍សម្រាប់ធ្វើការបំផ្ទុះគ្រាប់បែក និងជាកងទ័ពជួរត្រៀមមុខ ដែលកាចសាហាវ និងមានឥទ្ធិពលខ្លាំងជាងអាវុធនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា សត្វកណ្ដុរដែលអ្នកវិទ្យាសាស្ត្ររុស្ស៊ីកំពុងតែធ្វើការពិសោធន៍ និងសាកល្បងនេះគឺត្រូវបានប្រទេសជាច្រើននៅលើសកលលោក មានដូចជា កម្ពុជា, ថៃ, អង់ហ្គោឡា, តង់ហ្សានី និងម៉ូសំប៊ិក ប្រើសម្រាប់ស្វែងរកគ្រាប់មីន៕