(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានណែនាំ និងក្រើនរំលឹកដល់អង្គភាព ស្ថាប័ន និងអាជ្ញាធរ ក្រុង ស្រុក ត្រូវរួមគ្នាបន្តតាមដានសភាពការណ៍រួមជុំវិញ បញ្ហាទប់ស្កាត់ការរីករាល ដាលជំងឺឆ្លងកូវីដ១៩ និងក្តាប់រាល់សភាពការណ៍រួមទូទៅឱ្យបានច្បាស់លាស់ ក៏ដូចជាការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ ចំណាកស្រុក មករស់នៅក្នុងមូលដ្ឋានផ្សេងៗ។
លោក ជាវ តាយ បានថ្លែងក្រើនរំលឹកបែបនេះនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ខណៈដែលលោកបានដឹកនាំក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត និងគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ធ្វើការប្រជុំតាមរយៈ online ដែលមានការភ្ជាប់ប្រព័ន្ធរវាងអាជ្ញាធរក្រុង ស្រុកទាំងប្រាំបី និងមន្ទីរអង្គភាពជុំវិញខេត្ត ដោយមានការចូលរួមពី គណៈអភិបាលខេត្តក្រុមប្រឹក្សាខេត្ត និងអង្គភាពចំណុះសាលាខេត្តកំពតជាច្រើនរូប។
លោក ជាវ តាយ ក៏បានណែនាំឱ្យមានការរួមគ្នា ខិតខំបន្តជំរុញការអប់រំផ្សព្វផ្សាយឱ្យបានទូលាយ ណែនាំដល់ប្រជាពលរដ្ឋ ក្នុងការពង្រឹងស្មារតី សតិអារម្មណ៍ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងជំនឿទុកចិត្ត ចំពោះចំណាត់ការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាវិធានការអបរំផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យមានការឆ្លងរីករាលដាលក្នុងសហគមន៍។
លោកអភិបាលខេត្តកំពត បានបញ្ជាក់ថា បច្ចុប្បន្នស្របពេលដែលបញ្ហាជំងឺឆ្លងកូវីដ១៩ កំពុងរីករាលដាលជាសកល ការគ្រប់គ្រងសភាពការណ៍រួមទូទៅ គឺជាការងារ សំខាន់សម្រាប់រដ្ឋបាលខេត្ត ក្នុងការយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានល្អ ពិសេសអាជ្ញាធរ ក្រុង ស្រុក ត្រូវតែបង្កើនជំរុញការយកចិត្តទុកដាក់ បន្តតាមដានសភាពការណ៍ បញ្ហាប្រឈមនានាដើម្បីរួមដៃគ្នាប្រយុទ្ធទប់ស្កាត់ការរីករាល ដាលនៃជំងឺឆ្លងកូវីដ១៩នេះ ដែលជាជម្ងឺរាតត្បាតសកល។
លោក ជាវ តាយ ក៏បានក្រើនរំលឹកដល់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមភូមិសាស្ត្ររៀងៗខ្លួន ដើម្បីឱ្យមានការខិតខំប្រឹងប្រែងធ្វើការ ដោយយកអស់កម្លាំង កាយចិត្ត ធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ពិសេសសកម្មភាពក្នុងការចុះផ្សព្វផ្សាយព័ត៌មាន អំពីការការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរថែមទៀតផងដែរ៕