(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងថ្មីមួយ បង្ហាញពីវិធានការណ៍ដែលរដ្ឋាភិបាលកូរ៉េបានដាក់ចេញបន្ថែម ដើម្បីរឹតបន្ដឹង សំដៅទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសមួយនេះ។
តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា វិធានការណ៍ថ្មីរឹតបន្ដឹងបន្ថែមនេះ នឹងចូលជាធរមាន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ សម្រាប់អ្នកធ្វើដំណើរចូលប្រទេសកូរ៉េខាងត្បូងទាំងអស់។
វិធានការទាំងអស់នោះរួមមាន៖
*ទី១៖ ជនជាតិកូរ៉េ និងជនបរទេសទាំងអស់ដែលចូលមកកូរ៉េ គឺត្រូវស្ថិតនៅក្រោមការដាក់ឲ្យនៅដាច់ដោយឡែក (Self-Quarantine) រយៈពេល១៤ថ្ងៃ និងតម្រូវឲ្យដំឡើងកម្មវិធី Self-Quarantine Safety and Protection App ក្នុងទូរសព្ទដៃ។
*ទី២៖ អ្នកធ្វើដំណើរចូលកូរ៉េ (រួមទាំងអ្នកដំណើរមកពីបណ្ដាប្រទេសអឺរ៉ុប) ដែលឡើងកម្ដៅខ្លួន និងមានរោគសញ្ញាផ្សេងទៀតពាក់ព័ន្ធនឹងជំងឺ Covid-19 ត្រូវបញ្ជូនទៅកន្លែងដាក់ឲ្យនៅដាច់ដោយ ឡែកនៅឯអាកាសយាន្តដ្ឋានដើម្បីធ្វើតេស្តរកវីរុស Covid-19។ ក្នុងករណីពិនិត្យឃើញវិជ្ជមាន នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល និងតាមដាននៅមជ្ឈមណ្ឌលព្យាបាល។ ករណីពិនិត្យ ឃើញអវិជ្ជមាន តម្រូវដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយខ្លួនឯង។
*ទី៣៖ ចំពោះជនបរទេស ដែលមានចេញជារោគសញ្ញាមួយចំនួន ហើយកាន់បណ្ណស្នាក់នៅរយៈពេលវែង (Alien Registration Card) តម្រូវឲ្យស្ថិតនៅក្រោម ការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក នៅទីលំនៅរបស់ពួកគាត់។ ចំពោះជនបរទេសដែលកាន់បណ្ណស្នាក់នៅរយៈពេលវែង ប៉ុន្តែពុំមានទីលំនៅ ច្បាស់លាស់ ឬជនបរទេសដែលមកធ្វើទស្សនកិច្ចរយៈពេលខ្លី តម្រូវដាក់ឲ្យនៅដាច់ដោយឡែកនៅ កន្លែងដែលបានរៀបចំដោយរដ្ឋាភិបាលកូរ៉េ ដោយការចំណាយជាបន្ទុក របស់សាម៉ីខ្លួន។
*ទី៤៖ សម្រាប់មន្ត្រីការទូតដែលកាន់ទិដ្ឋាការ A1 និង A2 ឬជនបរទេសដែលកាន់ទិដ្ឋាការ A3 (Treaties) និងអ្នកដែលមានវិញ្ញាបនបត្រ លើកលែងការដាក់ឲ្យនៅដាច់ដោយឡែក (Isolation Exemption Certificate) ចេញដោយស្ថានទូត ឬស្ថានកុងស៊ុលកូរ៉េ ត្រូវបានលើកលែងការដាក់ឲ្យនៅដោយ ឡែក រយៈពេល១៤ថ្ងៃ ដោយមិនរាប់បញ្ចូលសមាជិកគ្រួសាររបស់គេ និងតម្រូវឲ្យធ្វើតេស្តរកវីរុស Covid-19 នៅពេលមកដល់អាកាសយាន្តដ្ឋាន។ ប្រសិនបើធ្វើតេស្តឃើញអវិជ្ជមាន អាជ្ញាធរសុខា ភិបាលកូរ៉េនឹងបន្តត្រួតពិនិត្យតាមដាន (Active monitoring) តាមកម្មវិធី Self-Diagnosis ជាប្រចាំ៕