(កំពង់ឆ្នាំង)៖ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្តកំពង់ឆ្នាំងជាច្រើនរូប សហការជាមួយអាជ្ញាធរភូមិឃុំ បានធ្វើដំណើរតាមរ៉ឺម៉កម៉ូតូជាច្រើនគ្រឿង បើកយុទ្ធនាការចុះអប់រំ ផ្សព្វផ្សាយតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដាឃុំចំនួន៥ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងទាំងមូល។
លោក ចេង ចាន់ដូណា បានបញ្ជាក់ថា ដោយអនុវត្តទៅតាមការណែនាំរបស់លោក ហេង វិទូ អភិបាលរងខេត្តកំពង់ឆ្នាំង ដែលឱ្យខាងយុវជន ស.ស.យ.ក របស់ខេត្ត ទាំងអស់បន្តចុះអប់រំណែនាំ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលទើបតែមកពីក្រៅប្រទេស ដើម្បីឲ្យយល់ដឹងអំពីវិធានការនៃការការពារ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសនូវការឆ្លងរីករាលដាល មេរោគឥតស្រមោលនេះ នៅក្នុងសហគមន៍។
លោកអភិបាលរងស្រុក ក៏បានធ្វើការណែនាំដល់លោកមេភូមិ លោកមេឃុំ ត្រូវក្តាប់ឱ្យបាននូវស្ថិតិបងប្អូនប្រជាពលរដ្ឋដែលទើបវិលត្រមកឡប់មកពីប្រទេសជិតខាង ត្រូវធ្វើការអប់រំ ណែនាំឱ្យគាត់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ពិសេសគឺការពារកុំឱ្យឆ្លងដល់ក្រុមគ្រួសារ។
លោក ចេង ចាន់ដូណា បានបន្ថែមថា ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលឱ្យបានច្រើនដង ចំពោះគោលដៅភូមិណាមួយដែលមានបង ប្អូនទើបវិលត្រឡប់មកពីប្រទេសជិតខាង បើទោះជានៅក្នុងសហគមន៍មិនទាន់មានបងប្អូនណាម្នាក់ឆ្លងនូវជំងឺមួយនេះក៏ដោយ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែចូលរួមប្រុង ប្រយ័ត្ន និងបង្ការទុកជាមុន ដូចសុភាសិតបុរាណបានពោលថា «ការពារប្រសើជាងព្យាបាល»៕