(កំពង់ចាម)៖ ប្រជាពលរដ្ឋ នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានសំដែងនូវការសប្បាយរីករាយ ដោយពួកគាត់បានធ្វើដំណើរឆ្លងកាត់លើស្ពានថ្មី ដែលបានសាងសង់រួចរាល់ស្ទើរតែ ១០០ភាគរយ។
ស្ថិតនៅក្នុងពេលអាជ្ញាធរខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យការសាងសង់ស្ពានកៀនជ្រៃ នៅចំពោះពស់ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ប្រជាពលរដ្ឋបានសម្ដែងនូវការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់អាជ្ញាធរខេត្តកំពង់ចាម ដែលបានខិតខំយកចិត្តទុកដាក់ រៀបចំសាងសង់ស្ពានកៀនជ្រៃឡើងវិញ បានរួចរាល់យ៉ាងឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។
សូមរំលឹកផងដែរថា នៅកំឡុងខែតុលា ឆ្នាំ២០១៩ ដោយសារមានទឹកហូរច្រោះគ្រឹះសសរស្ពាន និងបាក់ស្រុតច្រាំង តាមបណ្ដោយព្រែក ស្ថិតក្នុងភូមិកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀមនេះ អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យអាជ្ញាធរ បិទផ្អាកធ្វើចរាចរណ៍ឆ្លងកាត់ស្ពានជាបណ្ដោះអាសន្នសិន ចៀសវាងការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដោយយថាហេតុ ខណៈស្ពានគៀនជ្រៃដែលមានប្រវែង ៩០ម៉ែត្រ ឃើញថាកំពុងតែប្រឈមនឹងការបាក់ស្រុតផងដែរ។
ប៉ុន្តែយ៉ាងណាក៏ដោយ ស្ពានគៀនជ្រៃដែលមានប្រវែងបណ្ដោយ ៩០ម៉ែត្រ និងទទឹង ១០ម៉ែត្រ សាងសង់ពីថ្មបេតុង មកដល់បច្ចុប្បន្ននេះ ត្រូវបានសាងសង់រួចរាល់ស្ទើរតែ ១០០ភាគរយហើយ។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានអនុញ្ញាតឲ្យប្រជាពលរដ្ឋបានធ្វើចរាចរឆ្លងកាត់បណ្តើរៗ ថ្វីត្បិតតែស្ពាននេះមិនទាន់បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕