(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសបញ្ចុះតម្លៃធ្វើប័ណ្ណបើកបរម៉ូតូពី៦ម៉ឺនរៀល មកនៅត្រឹមតែ ២៥០០០រៀលប៉ុណ្ណោះ ហើយសម្តេចបានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅធ្វើប័ណ្ណបើកបរម៉ូតូ និងប្រកាសបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយមិនរាថយឡើយ។
សម្តេចតេជោ ប្រកាសដូច្នេះក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស៥មករា នៅជាប់សាលា តិចណូ នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦នេះ។
ការប្រកាសរបស់សម្តេចបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានសម្តែងក្តីកង្វល់ និងស្នើសម្តេចតាមទំព័រ Facebook របស់សម្តេច ឲ្យផ្តល់ការអនុគ្រោះទៅលើការធ្វើប័ណ្ណបើកបរម៉ូតូ ដែលមានតម្លៃថ្លៃ។
សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ការធ្វើប័ណ្ណបើកបរម៉ូតូចាស់ ដែលមានតម្លៃ ៧៤០០០រៀល បូករួមទាំងពិនិត្យសុខភាពនោះ ពេលនេះធ្លាក់មកនៅត្រឹម ២៥០០០រៀល ហើយ មិនតម្រូវឲ្យមានការប្រឡង ឬពិនិត្យសុខភាពនោះឡើយ។ តែស្នើឲ្យមានការផលិត ស្ពតអប់រំពីច្បាប់ចរាចរណ៍ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ។
សម្តេចតេជោ ក៏បានប្រកាសផងដែរថា សម្រាប់អ្នកដូរប័ណ្ណបើកបរម៉ូតូ យកតម្លៃត្រឹម ២ម៉ឺនរៀលប៉ុណ្ណោះ៕