(កណ្ដាល)៖ កម្លាំងនគរបាលក្រុងតាខ្មៅនាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានបើកប្រតិបត្តិការដេញបង្ក្រាបបានចោរសកម្មខាងឆក់មិនប្រណីម្នាក់ នៅក្នុងក្រុងតាខ្មៅ ខណៈបក្ខពួក ២នាក់ សមត្ថកិច្ចកំពុងតាមប្រមាញ់យកមកដាក់ទោសតាមច្បាប់ឱ្យទាល់តែបាន។

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា ក្រោមការបញ្ជាដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តកណ្តាល កម្លាំងនគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការនគរបាលក្រុងតាខ្មៅ បានបង្ក្រាបមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងក្រុងតាខ្មៅបានម្នាក់ ដែលការបង្រ្កាបនេះបន្ទាប់ពីមានករណីប្ដឹង ពីពលរដ្ឋច្រើននាក់ ពីករណីឆក់ ហើយកម្លាំងនគបាលក៏បានតាមស្រាវជ្រាវរកមុខ ហើយចាប់ក្របួចជាប់បានម្នាក់ ហើយ២នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវតាមចាប់មកទាំងអស់ ដើម្បីអនុវត្តន៍តាមនីតិវិធី។

លោក យី វណ្ណដា បានបន្ថែមថា ចោរឆក់ប្រចាំក្រុងតាខ្មៅដែលចាប់បាននេះមានឈ្មោះ គុជ ប៉ាក់ស័រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ត្រូវបាននគរបាលក្របួចជាប់យកទៅសួរចម្លើយក៏ចេញឈ្មោះបក្ខពួក ២នាក់ទៀត ដែលជាសកម្មជនឆក់គ្មានប្រណី ប្រចាំក្រុងតាខ្មៅ ដោយម្នាក់ឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ម្នាក់ទៀតឈ្មោះ ជា តុលា ហៅបារាំង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ករណីនេះកំលាំងផ្នែកជំនាញក្រុងតាខ្មៅកំពុងបន្តកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕