(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អនុក្រឹត្យលេខ៣៩ អន ក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារ បង្ការ ទប់ស្កាត់ជំងឺ COVID-19 របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
កម្មវិធីប្រជុំនេះ បានរៀបចំឲ្យមានមន្រ្តីការិយាល័យសុខាភិបាល នៃស្នងការដ្ឋាន ចុះត្រួតពិនិត្យការវាស់កម្ដៅ លាងសម្អាតដៃដោយទឹកអាល់កុល ដល់កងកម្លាំងទាំងអស់ មុនពេលចូលប្រជុំ និងបានធ្វើការបែងចែកការប្រជុំជាពីរពេល ដោយរៀបចំការអង្គុយ ត្រូវឃ្លាតពីគ្នា ចម្ងាយចន្លោះពី១ម៉ែត្រ ទៅ១,៥ម៉ែត្រ ផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការផ្សព្វផ្សាយណែនាំ និងដាក់បទបញ្ជាឲ្យអនុវត្ត ចំពោះការកែសម្រួល អនុក្រឹត្យថ្មីលេខ៣៩ ស្ដីពី ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងផ្សព្វផ្សាយ ណែនាំ ចំពោះការរីករាលដាលជំងឺ COVID-19 ដល់មន្ត្រីក្រោមឱវាទ ឲ្យបានយល់ដឹង និងអនុវត្តវិធានការបង្ការ រួមមាន៖
* ត្រូវធ្វើអនាម័យជាប់ជាប្រចាំ ទាំងកន្លែងធ្វើការ និងធ្វើអនាម័យផ្ទាល់ខ្លួន ដោយត្រូវប្រើប្រាស់ថ្នាំសម្លាប់មេរោគ និងត្រូវលាងដៃជាមួយសាប៊ូ ឬអាល់កុល
* ត្រូវរៀបចំឲ្យមានការត្រួតពិនិត្យសុខភាព ដោយមានឧបករណ៍ វាស់កម្ដៅ គ្រប់កងកម្លាំងទាំងអស់មុន និងក្រោយពេល ចូលកន្លែងធ្វើការ
* ករណីចាំបាច់ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ
* ត្រូវអនុវត្តបន្ទាន់នូវយុទ្ធនាការ ផ្សព្វផ្សាយវិធានការបង្ការ ទប់ស្កាត់ នៅតាមទីប្រជុំជន គ្រប់ច្រកល្ហក និងជាប់ជាប្រចាំ
* ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ក្រុមគ្រួសារ ពីវិធានការទប់ស្កាត់
* ចូលរួមផ្សព្វផ្សាយបន្ត ពីវិធានការបង្ការ និងវិធានការថែទាំសុខភាព
* ផ្សព្វផ្សាយនិតីវិធី ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺ COVID-19 នៅតាមផ្ទះជាលក្ខណៈបុគ្គល
* អនុវត្តអនាម័យលាងដៃឲ្យបានញឹកញាប់ និងអនាម័យក្នុងបរិវេណរស់នៅ
* ផ្សព្វផ្សាយណែនាំចំណុចសំខាន់ៗ របស់ក្រសួងសុខាភិបាល
* ករណីសង្ស័យថា មានរោគសញ្ញាផ្ទុកវីរុស COVID-19 ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់មណ្ឌលសុខភាព មន្ទីរពេទ្យ ឬ ទូរស័ព្ទទាន់ហេតុការណ៍ លេខ១១៥៕