(កណ្ដាល)៖ ពលរដ្ឋចំនួន៣២គ្រួសារ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល បានស្នើសុំបើកផ្លូវក្នុងភូមិដើម្បីមានផ្លូវចេញចូលធំស្រលះល្អ និងងាយស្រួលសំរាប់ឡានចេញចូល ពិសេសគឺក្រែងលោមានករណីអគ្គិភ័យកើតឡើង អាចឱ្យឡានទឹកមកពន្លត់ភ្លើងទាន់ពេលផងដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យទោមនស្សនោះ គឺភាគីខាងម្ចាស់ក្លឹបកំសាន្តពេជ្រនិល បង្កអរិភាព ដោយមិនព្រមសហការបើកផ្លូវជូនពលរដ្ឋឡើយ ហើយការចរចាសុំទិញដីដើម្បីបើកផ្លូវក៏មានបញ្ហាទៀត ដោយសារម្ចាស់ក្លឹបទាមទារតម្លៃតាមតែអារម្មណ៍ហើយថ្លៃខ្ពស់កប់ពពកពេក ដែលធ្វើឱ្យមានការថ្នាំងថ្នាក់នៅចំណុចនេះ។
អ្នកភូមិម្នាក់តំណាងពលរដ្ឋទាំងអស់លោកស្រី សេន សូហ្វី បានប្រាប់ Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះថា ពួកគាត់ទាំងអស់គ្នាបានទិញដីនេះពីលោក ឡឹង នៅ ខណៈដែលដីឡូត៍នេះជាប់ជាមួយនឹងបុរីសឡាដែលមានមានផ្លូវបុកចូលប្រមាណជាង ១០ម៉ែត្រឯណោះ ទើបពួកគាត់សម្រេចចិត្តថា ទិញសង់គេហដ្ឋានរស់នៅព្រោះឃើញមានផ្លូវចេញចូលធំ ស្រឡះល្អ ប៉ុន្តែស្រាប់តែប៉ុន្មានថ្ងៃមុននេះ ក៏ឃើញភាគីក្លឹបពេជ្រនិលបែរជាមកបោះបង្គោលចំកណ្ដាលផ្លូវ ដែលបង្កឱ្យមានចម្ងល់ផ្សេងៗកើតឡើងពាក់ព័ន្ធនឹងការរំលោភយកដីផ្លូវធ្វើជាកម្មសិទ្ធិឯកជន ដែលធ្វើឱ្យផ្លូវបែរជារួមតូចនៅសល់តែ ៥ម៉ែត្រ។
អ្នកស្រីបន្តថា បន្ទាប់ពីកើតបញ្ហាភ្លាម អ្នកភូមិបានដាក់លិខិតស្នើសុំមេឃុំដំណាក់អំពិលអ្នកស្រី ស៊ុ កល្យាណ ឱ្យជួយដោះស្រាយដែរ ប៉ុន្តែពេលនោះអ្នកស្រីមេឃុំ បែរជាយកឯកសារ ដាក់ចូលកាបូបហើយស្រែកគំហកពាក្យសំដីអសុរោះមកលើពលរដ្ឋវិញ ដែលធ្វើឱ្យពលរដ្ឋមានការរន្ធត់ និងភ័យខ្លាចជាខ្លាំង។
អ្នកស្រីបានបញ្ជាក់ទៀតថា អ្នកភូមិក៏ធ្លាប់ចរចាជាមួយម្ចាស់ក្លឹបពេជ្រនិលនេះដោយសុំទិញដីគាត់ដើម្បីបើកផ្លូវ ប៉ុន្តែម្ចាស់ក្លឹបនេះលក់ដីតាមអារម្មណ៍តម្លៃប្រែប្រួល និងថ្លៃខ្ពស់ហួសហេតុពេក ទើបអ្នកភូមិសម្រេចថា មិនទិញទេ ប៉ុន្តែសុំឱ្យអាជ្ញាធរស្រុកមេត្តាជួយដោះស្រាយបញ្ហានេះផង។
ទន្ទឹមនឹងការលើកឡើងរបស់ពលរដ្ឋ អ្នកស្រី ស៊ុ កល្យាណ មេឃុំដំណាក់អំពិល បានឆ្លើយតបថា ចំពោះបញ្ហាកើតឡើងនេះក៏ដោយសារម្ចាស់ក្លឹបឡើងថ្លៃខ្ពស់ ដែលបង្កឱ្យពលរដ្ឋ មិនហ៊ានទិញដីនេះបើកផ្លូវ ខណៈដីឡូត៍នេះជាកម្មសិទ្ធិឯកជន មិនមែនជាផ្លូវសាធារណៈនោះទេ ហើយការសុំឱ្យជួយចរចាជាមួយម្ចាស់ក្លឹប ខាងអាជ្ញាធរនឹងកោះហៅគ្រប់ភាគី មកដោះស្រាយរកចំនុចឈ្នះ-ឈ្នះទាំងអស់គ្នា។
អ្នកស្រីបញ្ជាក់ទៀតថា ដីឡូត៍នេះមិនមានផ្លូវបុកចំផ្លូវបុរីសូឡានោះទេ ប៉ុន្តែដោយសារតែឃើញពីតម្រូវការចេញចូលរបស់ពលរដ្ឋ ទើបអ្នកស្រីបានចរចាសុំការយោគយល់ពីភាគីម្ចាស់ដីឡូត៍ម្នាក់ទៀត ដែលមានដីជាប់គ្នានោះ ឈ្មោះ ភឹម ផន ដោយទុកដីរបស់គាត់ទទឹង ៥ម៉ែត្រ បណ្ដោយ ២០ម៉ែត្រ សំរាប់អ្នកភូមិចេញចូលចុះ ប៉ុន្តែអ្វីដែលពលរដ្ឋចង់បាននោះ ពួកគាត់ចង់បានផ្លូវធំជាងនេះ ហើយលោកស្រីថា នឹងហៅភាគីទាំងអស់មកចរាចរាដោះស្រាយទាំងអស់គ្នានាពេលឆាប់ៗនេះ ។
ជុំវិញករណីនេះ ខាងភាគីម្ចាស់ក្លឹបពេជ្រនិល មិនទាក់ទងសុំការបំភ្លឺបានឡើយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ៕