(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ជូ តុងអាន តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកជាំក្សាន្ត និងលោកឧត្តមសេនីយ៍ទោ ដួង សំនៀង ប្រធានក្រុមការងារចុះជួយឃុំស្រអែម បានដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោ ក្រុមគ្រូពេទ្យកងពលតូច អន្តរាគមន៍លេខ៧ និងគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ដោយបានសហការជាមួយ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចុះតាមខ្នងផ្ទះ ពិនិត្យតាមដានសុខភាពជូនបងប្អូនពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេសចំនួន២៩នាក់ ស្ថិតក្នុងភូមិចំបក់សែនជយ័ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
លោក ជូ តុងអាន បានឱ្យដឹងថា ការដឹកនាំក្រុមគ្រូពេទ្យចុះតាមខ្នងផ្ទះ ប្រជាពលរដ្ឋនៅពេលនេះ គឺផ្តោតសំខាន់លើបងប្អូនពលករ ដែលទើបវិលមកពីក្រៅប្រទេស ចំនួន២៩នាក់ ដែលរស់នៅ ភូមិខាងលើ ដោយបានធ្វើការពិនិត្យវាស់កំដៅ ក៏ដូចជាផ្សព្វផ្សាយសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីឱ្យពួកគាត់យល់បានជ្រួតជ្រាប និងចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។
សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានបញ្ចេញសារអប់រំជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍ រួមមាន៖
*ទី១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺ COVID-19 ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
*ទី២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
*ទី៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ ១១៥ជាបន្ទាន់។
*និងទី៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព៕