(ភ្នំពេញ)៖ ការកាន់កាប់ និងប្រើប្រាស់អាវុធនៅពេលបច្ចុប្បន្ននេះ ហាក់មានភាពសេរីដោយសារតែជនស៊ីវិលធម្មតាមួយចំនួន ក៏មានកាំភ្លើងកាន់ផងដែរ ទាំងនេះបង្ហាញឲ្យឃើញថា ការគ្រប់គ្រងអាវុធជាតិផ្ទុះ នៅមានភាពទន់ខ្សោយនៅឡើយ ។ ជាក់ស្តែងសូម្បីតែបុរសម្នាក់ ត្រឹមអ្នកបូជាសពសោះ ក៏មានកាំភ្លើងខ្លី និងមានគ្រាប់កាន់ជាប់ខ្លួនផងដែរ ។
នៅម៉ោង១១៖២០នាទីយប់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្លោងទ្វារចូលបារចតុមុខ សង្កាត់ស្រះចក កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីប្រើប្រាស់អាវុធខុសច្បាប់។
មន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បានប្រាប់ភ្នាក់ងារ Fresh News ថា ជនសង្ស័យទី១-ឈ្មោះ ឃុត សុភត្រា អាយុ៤០ឆ្នាំ មុខរបរ អ្នកបូជាសពនៅវត្តទឹកថ្លា ស្នាក់ផ្ទះលេខ១៥៨D ភូមិតំណាក់ត្រយឹង បុរីសន្តិភាព២ សង្កាត់ចោមចៅ ពោធ៏សែនជ័យ និងទី២ ឈ្មោះ បូក ចណ្ឌី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៧ ជាន់ទី៦ ប្លុកបុរីកីឡា ខណ្ឌ៧មករា។
ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងអាវុធហត្ថ បានដកហូត អាវុធខ្លី០១ដើម គ្មានម៉ាក គ្មានលេខនិងគ្រាប់រ៉ូឡូ០៥គ្រាប់ ម៉ូតូ០១គ្រឿងម៉ាកC125 ពណ៏ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1A-6079 ទូរស័ព្ទសាំសុង ០១គ្រឿង និងម៉ាក iPhone5 ០១គ្រឿង ខ្សែកធ្វើពីលោហះធាតុ ពណ៌ទង់ដែង ចំនួន០១ខ្សែខ្សែដៃធ្វើពីលោហះធាតុ ពណ៌ទង់ដែងចំនួន០១ខ្សែ ចិញ្ជៀនពីលោហះធាតុពណ៌ទង់ដែង ចំនួន០១ខ្សែ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថាកាំភ្លើង គឺរូបគេទិញពីថៃមក ក្នុងតំលៃ៣០០០បាត ដើម្បីទុកគ្រាន់ការពារខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានយកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ដើម្បីបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕