(ភ្នំពេញ)៖ លោក ហៀ ហ៊ីន ទីប្រឹក្សាសម្ដចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានាថ្ងៃទី៣០ ខែមីនា បាននាំថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់លោក យឹម លាង នាយរងខុទ្ទកាល័យសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងនាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌឬស្សីកែវ មកផ្តល់ជូនគណៈបញ្ជាការឯកភាព សង្កាត់ច្រាំងចំរេះទី២ ជាការលើកទឹកចិត្តដល់ក្រុមការងារសង្កាត់ ក្នុងពីធីចូលឆ្នាំថ្មីប្រពៃណីខ្មែ ខាងមុខនេះ។
ថវិកា និងគ្រឿងឧបភោគបរិភោគ ដែលនាំយកទៅប្រគល់ជូននាឱកាសនោះរួមមាន៖ ថវិកាចំនួន ២លាន ២សែនរៀល និងអង្ករចំនួន ៨៧បេ ស្មើនឹង ២,១៧៥គីឡូក្រាម។
លោក ហៀ ហ៊ីន បានផ្តាំផ្ញើក្រុមការងារគណៈបញ្ជាការឯកភាពសង្កាត់ ឲ្យខិតខំប្រឹងប្រែងបន្ថែមក្នុងការរួមគ្នាទប់ស្កាត់មេរោគ COVID-19 សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងខិតខំបន្ថែមការលប់បំបាត់បញ្ហាក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀនក្នុងមូលដ្ឋានឱ្យអស់ និងបន្តថែរក្សាការពារភូមិ-ឃុំ មានសុវត្ថិភាព ឱ្យកាន់តែខ្លាំងក្លាជូន ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌទាំងមូលផងដែរ។
លោក ហៀ ហ៊ីន បានអប់រំផ្សព្វផ្សាយជូនពួកគាត់ឱ្យយល់ច្បាស់ ពីវិធានការវីរុស COVID-19 និងប្រាប់ពួកគាត់កុំជឿព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យជ្រួលច្របល់ ព្រមទាំងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន បង្កើនការផ្សព្វផ្សាយ បញ្ច្រៀបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់ពលរដ្ឋទាំងអស់។ ដូច្នេះ មន្ត្រីទាំងអស់ត្រូវអនុវត្តឱ្យម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19៕