(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវជូនចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួម និងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណាថ្មី ឬ COVID-19 ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សក្នុងសកលលោក ពិសេសនៅក្នុងប្រទេសកម្ពុជា។
គណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការអនាម័យជានិច្ច ដូចជាការលាងដៃជាមួយអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ជានិច្ច និងកាត់បន្ថយការជួបជុំគ្នានៅខាងក្រៅ ក្នុងករណីណាមួយដែលមិនចាំបាច់។
សូមជម្រាបថា នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ១៩ចំនួន២នាក់ សរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលជាសះស្បើយថ្មី២នាក់ទៀត គឺមាន បុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានធ្វើតេស្តចំនួន២លើកឃើញថា លទ្ធផលអវិជ្ជមានទាំងពីរលើក។ អ្នកទាំងពីរត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ៕