(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១៣នាក់ ក្នុងនោះមានជនបរទេស៥ និងខ្មែរ៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការផលិត និងលក់ឧបករណ៍ក្លែងក្លាយ សម្រាប់ធ្វើតេស្ត និងការពារមេរោគកូវីដ១៩ ក្នុងរយៈពេល២ថ្ងៃនេះ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា មនុស្ស៩នាក់នោះ ត្រូវបានឃាត់ខ្លួនពេលសមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបទូទាំងប្រទេសចំនួន១២ករណី ក្នុងនោះមាន៩ករណីនៅក្នុងរាជធានីភ្នំពេញ ២ករណីនៅខេត្តព្រះសីហនុ និង១ករណីក្នុងខេត្តសៀមរាប ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវឃាត់ខ្លួននោះ ក៏មាន៤នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ហើយអនុញ្ញាតទៅផ្ទះវិញ និង៩នាក់ កំពុងស្ថិតនៅក្នុងនីតិវិធីរបស់សមត្ថកិច្ច។
អ្នកនាំពាក្យរូបនេះ បានបន្តថា អ្នកដែលត្រូវបានអប់រំ ហើយអនុញ្ញាតទៅផ្ទះវិញ គឺជាអ្នកលក់អនឡាញ ដែលពួកគាត់មិនមានផលិតផលទេ។ បើតាម លោក ឆាយ គឹមឃឿន គឺនៅថ្ងៃនេះ សមត្ថកិច្ចបានរឹបអូសនូវឧបករណ៍ក្លែងក្លាយមួយចំនួន ក្នុងនោះមានម្ជុលតេស្តឈាម២១ដើម ឧបករណ៍តេស្តបន្ទាន់១៣កេស (នៅភ្នំពេញ) និង៤៨កញ្ចប់ (នៅព្រះសីហនុ) សំលៀកបំពាក់៤០០កំផ្លេស ម៉ាសក្លែងក្លាយ១៩១៥០០ម៉ាសផងដែរ។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានថ្លែងចេញបទបញ្ជាឲ្យកម្លាំងនគរបាល នៃស្នងការរាធានី-ខេត្តទូទាំងប្រទេស សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ឃាត់ខ្លួន និងឱសថស្ថានណា ដែលលក់ឧបករណ៍ធ្វើធ្វើតេស្តិ៍រកជំងឺ Covid-19។ ការចេញបទបញ្ជាដ៏ក្តៅគគុកនេះធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០៕