(ភ្នំពេញ)៖ លោក មាស ប៉ូ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រសួងបានចេញលិខិតអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៥ សាកល្បងប្រព័ន្ធ 5G ដើម្បីដើរទាន់ការវិវត្តថ្មីៗ នៃប្រព័ន្ធបច្ចេកវិទ្យា ពិសេសល្បឿននៃការប្រើប្រាស់អ៉ីនធឺណេត។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងប្រៃសណីយ៍ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោក មាស ប៉ូ បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ថ្ងៃនេះ យើងបានចេញលិខិតអនុញ្ញាតឲ្យសាកល្បងចំនួន៥ក្រុមហ៊ុន រួមមានក្រុមហ៊ុន Cellcard, ក្រុមហ៊ុន Metfone, ក្រុមហ៊ុន Smart, ក្រុមហ៊ុន Seatel និងក្រុមហ៊ុន Kingtel។ យើងបានអនុញ្ញាតឲ្យ៥ក្រុមហ៊ុនធ្វើការសាកល្បង ហើយការសាកល្បងនេះ ចាប់ផ្ដើមពីឥលូវនេះទៅ»។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍រូបនេះ បានបន្ថែមទៀតថា ការអនុម័តក្នុងការប្រើប្រាស់ហ្វ្រែកង់ពីសហភាពទូរគមន៍អន្ដរជាតិ ដែលហៅកាត់ថា IPU នោះកំពុងតែរៀបចំ ព្រោះតែអ្នកពាក់ព័ន្ធទើបតែបញ្ចប់កិច្ចប្រជុំប៉ុន្មានថ្ងៃមុននេះ។
សូមជម្រាបថា ក្រុមហ៊ុនសែលកាត (Cellcard) របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បញ្ជាក់ពីការប្រកាសឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G ជាលើកដំបូងនៅកម្ពុជា លើសេវាកម្មឱសថសាស្រ្ត តាមបច្ចេកវិទ្យាឌីជីថល (Telemedicine) តាមទីតាំងចំនួនបួន នៅទូទាំងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនកម្ពុជាទាំងមូល ដែលរងប៉ះពាល់ធ្ងន់ធ្ងរ ក្នុងអំឡុងពេលមានដែលមានវិបត្តិ Covid-19 នេះ។
ក្រុមហ៊ុន Cellcard បានបញ្ជាក់ទៀតថា សេវាកម្មនេះនឹងជួយដល់ក្រុមវេជ្ជបណ្ឌិតជួរមុខនៅទីក្រុងភ្នំពេញ ក្នុងការពិនិត្យ និងវាយតម្លៃអ្នកជំងឺទូទាំងប្រទេស តាមរយៈតំណភ្ជាប់ (Video conference link) ការខលវីដេអូជាក្រុម ទៅកាន់ទូរស័ព្ទចល័ត និងឧបករណ៍នានា នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
សេវាកម្មនេះ អាចត្រូវបានប្រើដើម្បីភ្ជាប់ទៅតាមផ្ទះអ្នកជំងឺ នៅតាមគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗទៀត ហើយវេជ្ជបណ្ឌិតគ្រប់រូប នឹងអាចផ្តល់នូវការព្យាបាល តាមបែបវេជ្ជសាស្រ្ត ការប្រឹក្សាយោបល់ និងការព្យាបាលតាមលក្ខណៈស្តង់ដារ តាមពេលវេលាជាក់ស្តែង ក៏ដូចជាការអប់រំសម្រាប់អ្នកជំងឺ និងការពិគ្រោះយោបល់ និងការត្រួតពិនិត្យសម្រាប់ក្រុមវេជ្ជសាស្ត្រនៅនឹងកន្លែង។
ថ្មីៗនេះ ក្រុមហ៊ុនសែលកាត ដែលបានបង្ហាញពីល្បឿនបច្ចេកវិទ្យា 5G របស់ខ្លួន ដែលមានល្បឿនរហូតដល់១.៦ជីហ្គាបៃក្នុងមួយវិនាទី នឹងមានការតំឡើងសេវាកម្មនេះ នៅតាមបណ្តាទីតាំងមួយចំនួនដូចជា៖
* មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
* មណ្ឌលសុខភាពចាក់អង្រែ
* ក្រសួងសុខាភិបាល
* ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕