(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ស្រុកទាំងអស់ត្រូវខិតខំផ្សព្វផ្សាយ តាមដាន និងក្តាប់ឱ្យបាន រាល់ការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋចំណាកស្រុក ដើម្បីការពារទប់ស្កាត់ជំងឺ COVID-19 កុំឲ្យមានការរីករាលដាល។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងធ្វើការអស់កម្លាំងកាយចិត្ត របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ នៅតាមភូមិសាស្ត្ររៀងៗខ្លួន ដើម្បីធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសសកម្មភាពក្នុងការចុះផ្សព្វផ្សាយព័ត៌មាន អំពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ។
លោកបានណែនាំ ដល់កងកម្លាំងទាំងបី អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ត្រូវបន្តខិតខំប្រឹងប្រែងតាមដាន និងក្តាប់ឱ្យបាន រាល់ការវិលត្រឡប់ចូលស្រុករបស់ប្រជាពលរដ្ឋ ដែលគាត់បានធ្វើចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេស ឬកន្លែងផ្សេងៗក្តី ត្រូវធ្វើការផ្សព្វផ្សាយណែនាំ អំពីវិធីការពារ និងទប់ស្កាត់អំពីបញ្ហា នៃការ រីករាលដាលនៃជំងឺ COVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមរំលឹកផងដែថា រដ្ឋបាលខេត្តព្រៃវែង បានត្រៀមទីតាំងកន្លែងជូនប្រជាពលរដ្ឋដែលសង្ស័យថាមាន COVID-19 ដើម្បីពិនិត្យព្យាបាល និងដាក់ដោយឡែកចំនួន ៣កន្លែង សរុប ១០៣បន្ទប់មានអាគារ សណ្ឋាគារចុងប៉ម មានបន្ទប់ចំនួន ៤៨បន្ទប់អាគារ ផ្ទះសំណាក់គ្រូបង្រៀន មានបន្ទប់ចំនួន ២២បន្ទប់អាគារ សាលាបឋមសិក្សាសម្តេចតេជោ ហ៊ុនសែន ព្រៃវែងក្រុង មានបន្ទប់ចំនួន ៣៣បន្ទប់ផងដែរ៕