(សៀមរាប)៖ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកបង្កប់ទុយោ ដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត ១២ហិកតា។
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការរៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវការរយៈពេល ២ខែទើបបញ្ចប់។ ឯការបង្កប់ទុយោពីមួយជួរទៅមួយជួរ គឺមានគម្លាត២០ម៉ែត្រពីគ្នា។
ប្រភពទឹកយកមកស្រោចស្មៅ គឺបានពីកសិន្ធុទឹកដែលព័ទ្ធជុំវិញប្រាសាទ និងស្រោចនៅពេលល្ងាច ដើម្បីចំណេញទឹក និងមិនរំខានដល់ទេសចរផង។
ក្រោយបញ្ចប់ការងារ លោកជឿជាក់ថា ស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តនឹងមានភាពបៃតងស្រស់ទាំងរដូវប្រាំង និងរដូវវស្សា ពិសេសទាក់ទាញទេសចរឱ្យមកទស្សនាបូជនីយដ្ឋានដ៏ពិសិដ្ឋនេះបានកាន់តែច្រើន។
ក្រៅពីសង្គ្រោះស្មៅ ក្រុមការងារក៏នឹងរៀបចំផ្លូវដើរក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យត្រូវតាមគម្រោង ហើយការរៀបចំប្រព័ន្ធទឹកស្រោចស្មៅនេះទៀតសោត ក៏នឹងធានាដល់ការបំពេញទឹកក្នុងស្រះខាងជើង និងស្រះខាងត្បូងឱ្យមានទឹកគ្រប់គ្រាន់គ្រប់រដូវផងដែរ៕