(កំពង់ចាម)៖ ក្រុមហ៊ុន ខាង ស៊ាងលី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានឧបត្ថម្ភឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគ ចំនួន ៣០ធុង ដល់អាជ្ញាធរខេត្កកំពង់ចាម សម្រាប់ប្រើប្រាស់ បាញ់សម្លាប់មេរោគតាមតំបន់នានា ប្រឆាំងនឹងមេរោគ COVID-19។
ក្នុងពិធីទទួល ឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគពីក្រុមហ៊ុននោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងមេរោគ COVID-19 ខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះ កាយវិការសប្បុរសធម៌ដ៏ប្រពៃរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាលដាល នៃមេរោគ COVID-19 ក្នុងការផ្ដល់ជាសម្ភារ ធុងសម្រាប់បាញ់ថ្នាំសម្លាប់មេរោគ ដ៏កាចសាហាវនេះ ស្របតាមតម្រូវការនាពេលបច្ចុប្បន្ន។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ឧបករណ៍នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបាញ់សម្លាប់មេរោគ COVID-19 និងមេរោគផ្សេងៗទៀត ដូច្នេះត្រូវរក្សាទុកសម្រាប់ប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីជាការរួមចំណែកបើកយុទ្ធនាការ បង្ការទប់ស្កាត់ ការរីករាលដាលនៃ COVID-19 នៅតាមស្ថាប័នសាធារណៈ និងឯកជន ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានឧបករណ៍បាញ់ថ្នាំសម្លាប់មេរោគទាំងនោះ លោកអភិបាលខេត្តកំពង់ចាម ក៏បានប្រគល់ធុងបាញ់ថ្នាំបន្តទៅឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត, កងរាជអាវុធហត្ថខេត្ត, ស្នងការរដ្ឋាននគរបាលខេត្ត, ពន្ធធនាគារខេត្ត, មន្ទីរសុខាភិបាលខេត្ត និងសម្រាប់រដ្ឋបាលខេត្តផងដែរ៕