(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានចុះទៅដល់សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដើម្បីចែកអំណោយដល់ពលរដ្ឋ ព្រមទាំងអប់រំផ្សព្វផ្សាយជូនពួកគាត់ឱ្យយល់ច្បាស់ ពីវិធានការវីរុស COVID-19 និងប្រាប់ពួកគាត់កុំជឿព័ត៌មានក្លែងក្លាយដែលធ្វើឱ្យជ្រួលច្របល់ ព្រមទាំងជំរុញឲ្យអាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយ បញ្ច្រៀបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់ពលរដ្ឋទាំងអស់ ពិសេសណែនាំពលរដ្ឋដែលទើបមកពីថៃ និងប្រទេសនានាសូមស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោក សុខ លូ បានជំរុញឲ្យអាជ្ញាធរក្រុង ស្រុកទាំង៩ ត្រូវបន្តផ្សពផ្សាយបញ្ច្រៀបការយល់ដឹងឱ្យកាន់តែ ស៊ីជម្រៅដល់ពលរដ្ឋទាំងអស់ ពិសេសណែនាំពលរដ្ឋដែលទើបមកពីថៃ និងប្រទេសនានាសូមស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ជាពិសេសបងប្អូនត្រូវមានអនាម័យល្អ ដោយបាក់ម៉ាសការពារ ប្រើប្រាស់ទឹកអាល់កុលលាងសម្អាតដៃពេលចាប់កាន់វត្ថុផ្សេងៗ។
លោក សុខ លូ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែស្រាវជ្រាវរកអ្នកដែលទើបមកពីប្រទេសថៃ ព្រមទាំងអំពាវនាវដល់ពួកគាត់ សូមនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ដើម្បីការពារ ការឆ្លងករណីណាមួយ និយាយនេះមិនមែនចោទប្រកាន់ថា ឱ្យតែអ្នកមកពីថៃ គឺសុទ្ធតែមានផ្ទុកវីរុស COVID-19 នោះទេ ពោលគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់ ព្រោះបើឈឺតែម្នាក់ឯងមិនជាបញ្ហាធំទេ ប៉ុន្តែសំខាន់នោះគឺឆ្លងដល់អ្នកផ្ទះដែលមិនដឹងអី ដែលនាំទុក្ខសោកដល់ពួកគាត់គួរឱ្យអាណិតបំផុត ហើយការរស់នៅមិនត្រូវមានការប្រមូលផ្តុំ។
លោកអភិបាល បានណែនាំពលរដ្ឋផងដែរថា សូមបងប្អូនកុំឆាប់ជឿសារសម្លេងតាម Chat សូមកុំជឿព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុល ព័ត៌មានញុះញង់ឱ្យចលាចល ពិសេសកុំជឿតាមមាត់មួយ ទៅមាត់មួយ ព្រោះទាំងអស់នោះគ្មានមូលដ្ឋានអ្វីដែលគួរឱ្យជឿនោះទេ ប៉ុន្តែសូមបងប្អូនសូមជឿតែទៅលើក្រសួងសុខាភិបាលទៅបានហើយ ព្រោះពួកគេផ្ដល់ព័ត៌មានពិត ព័ត៌មានជាក់លាក់ និងជាព័ត៌មានច្បាស់លាស់បំផុត។
លោក សុខ លូ បានបញ្ជាក់ទៀតថា សម្រាប់ខេត្តកំពង់ធំ គ្រូពេទ្យបានសំណាកបងប្អូនប្រជាពលរដ្ឋចំនួន១៧ នាក់ទៅពិនិត្យជាលទ្ធផលគឺអវិជ្ជមានទាំងអស់។ លោក សុខ លូ បានបន្តទៀតថា ដោយអនុវត្តន៍តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារត្រូវខិតខំដោយមិនគិតពីការនឿយហត់ឡើយ គឺធ្វើយ៉ាងណា ចូលរួមយ៉ាងសកម្មបំផុតដើម្បី បង្ការ ការរីករាលដាលវីរុស COVID-19 នេះ មិនឱ្យរីករាលដាលសហគមន៍ ក្នុងនោះលោកបានឲ្យអាជ្ញាធរស្រង់ប្រជាពលរដ្ឋក្រីក្រឲ្យបានច្បាស់លាស់។
ក្នុងនោះដែរលោកបានផ្តល់អាល់កុលចំនួន៥៤០ លីត្រស្មើ១៨ប៊ីដុង ម៉ាសចំនួន ២០០ដុំ ម៉ាស៊ីនវាស់កំដៅ ៥៤គ្រឿង ក្រម៉ា ៥០០ ក្រម៉ា សាប៊ូ ថ្នាំដុសធ្មេញ និងផ្ទាំងរូបភាពជាច្រើន។
គួរបញ្ចាក់ ចំនួនអ្នកមកពីប្រទេសមានចំនួន៣៣៣៣នាក់ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ៕