(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់រុស្ស៉ីប្រចាំនៅកម្ពុជា ឌីមីទ្រី ធ្វីតកូស (Dmitri Tsvetkov) បានគូសបញ្ជាក់ថា រដ្ឋាភិបាលរុស្ស៉ី កំពុងរៀបចំបញ្ជូនម៉ាស មកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩។
ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតចប់អាណត្តិរបស់រុស្ស៉ី លើការរៀបចំចាត់ចែងបញ្ជូនម៉ាសមកកម្ពុជានេះ បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញជម្រាបលាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលនិងប្រជាជនរុស្ស៉ី សម្រាប់ការផ្ដល់អំណោយជាម៉ាស់មកដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
យោងតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា ក្នុងជំនួបជម្រាបលានេះ លោក ឌីមីទ្រី ក៏បានថ្លែងអំណរគុណសម្ដេចតេជោ និងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ដែលបានគាំទ្រដល់ដំណើរពេសកកម្មការទូតរបស់លោកនៅកម្ពុជារយៈពេល៦ឆ្នាំមកនេះ។ លោកបានបញ្ជាក់ថា ការគាំទ្រនេះ ធ្វើឱ្យលោក បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងបេសកកម្មកាទូត។
លោកទូតចប់អាណត្តិបានបន្ថែមថា រយៈពេល៦ឆ្នាំនេះ បានចុះហត្ថលេខាលើឯកសារចំនួន៦២ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១៤ផងដែរ។ ជាមួយគ្នានេះ លោកក៏បានរៀបចំឱ្យមានឱកាសដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីរុស្ស៉ី មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេចតេជោ ទៅកាន់ប្រទេសរុស្ស៉ី និងមានការចុះហត្ថលេខាជាច្រើន។
លោកក៏បានគោរពជម្រាបជូនសម្ដេចតេជោថា នៅពេលខាងមុខនេះ រុស្ស៉ី នឹងផ្ដល់ជំនួយដល់កម្ពុជា។ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនិងជួយគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឌីមីទ្រី ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មកាទូតនៅកម្ពុជា។
សម្ដេចតេជោមានប្រសាសន៍ថា លោកឌីមីទ្រី គឺជាឯកអគ្គរដ្ឋទូតមួយរូប ដែលបានស្ដារឡើងវិញ នូវទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៉ី ដែលមានវ័យចំណាស់មកហើយ មកកាន់ដំណាក់កាលថ្មី។ លើពីនោះទៅទៀត លោកក៏បានរៀបចំឱ្យមានដំណើរទស្សនកិច្ចជាផ្លូវការ ហើយជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីរុស្ស៉ីមកកាន់កម្ពុជា និងដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្ដេច ទៅកាន់ប្រទេសរុស្ស៉ីផងដែរ។
សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនរុស្ស៉ី ដែលតែងតែជួយកម្ពុជាកន្លងមក ហើយបន្តជួយដល់កម្ពុជាថែមទៀត លើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ។
សម្ដេចតេជោ បានគូសបញ្ជាក់ថា កម្ពុជា-រុស្ស៉ី មានទំនាក់ទំនងរយៈពេលយូរឆ្នាំមកហើយ ប៉ុន្តែយ៉ាងណាក៏ដោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតូចនៅឡើយ។ សម្តេចតេជោស្នើឱ្យភាគីទាំងពីពិនិត្យមើលសត្តានុពលទាំងឡាយ ដែលអាចជំរុញពាណិជ្ជកម្ម ឱ្យបានកាន់តែធំធាត់ឡើងថែមទៀត៕