(កោះកុង)៖ ស្នងការនគរបាលខេត្តកោះកុងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានរៀបចំធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីថ្នាំគ្រឿងញៀន ដែលសមត្ថកិច្ចរកឃើញអណ្តែត នៅចំណុចកោះកុងក្រៅ ចំការដូងទី៥ ភូមិអាឡាតាន់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
ការរៀបចំសន្និសីទសារព័ត៌មានបង្ហាញពីសារធាតុគ្រឿងញៀននេះ ដោយមានការចូលរួមក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង, លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង និងឧត្តមសេនីយ៍ មីន រស្មី ស្នងការរងផែនប្រឆាំងបទល្មើសគ្រឿងញៀន រួមសមត្ថកិច្ចជំនាញជាច្រើនរូបផងដែរ។
ឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានថ្លែងថា ប្រជានេសាទបានផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីចុះអនុវត្តន៍ និងស្រាវជ្រាវរកមុខសញ្ញាភាពជាក់ស្តែងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ដោយពេលនោះពួកគាត់បានប្រទះឃើញវត្ថុប្លែក១ មកជាប់នឹងឆ្នេរខ្សាច់។
លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបន្តថា ដោយមានបទបញ្ជាពីលោកស្រីអភិបាលខេត្ត លោកបានដាក់បទបញ្ជាឱ្យឧត្តមសេនីយ៍ មីន រស្មី ដឹកនាំមន្ត្រីជំនាញចុះពិនិត្យឆ្លងកាត់ផ្ទៃសមុទ្រ ទាំងកណ្តាលយប់។ ក្រោយពីចុះត្រួតពិនិត្យឃើញជាសារធាតុញៀន សមត្ថកិច្ចបានយកមករក្សាទុក នៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យឱ្យល្អិតល្អន់។
លោកបានបន្ថែមទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យហើយ ឃើញថា សារធាតុញៀននេះជាប្រភេទម៉ាទឹកកកមានចំនួន ២០កញ្ចប់ធំ ក្នុង១ កញ្ចប់មានទម្ងន់ ១០២០ក្រាម។ សារធាតុគ្រឿងញៀនទាំងអស់នេះ ក្រោយពីធ្វើការពិនិត្យរួចរាល់ហើយសមត្ថកិច្ចនឹងបញ្ជូនទៅរក្សាទុកនៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមីតិវិធីច្បាប់។
ក្នុងឱកាសនេះដែរ លោកស្រី មិថុនា ភូថង បានថ្លែងអំណរគុណដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទោះបី ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ហើយក៏ខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនជាប់ជានិច្ច ដោយមិនគិតពីភាពនឿយហត់ឡើយ និងមានក្របសីលធម៌ ក្នុងនាមជាសមត្ថកិច្ចបម្រើប្រជាជន និងប្រទេសជាតិ៕