(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកទាត់ចោលទាំងស្រុង នូវការបង្ហោះព័ត៌មានបំភ្លៃរបស់ Facebook មួយ ដោយលើកឡើងពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន JC Airline លេខ QD738A ដឹកជនជាតិចិន១៤៦នាក់ ធ្វើដំណើរចេញពីព្រលានយន្តហោះភ្នំពេញសំដៅទៅទីក្រុង Chengdu ប្រទេសចិន ហើយត្រូវបានបញ្ជាឲ្យត្រឡប់មកកម្ពុជាវិញ ដោយមូលហេតុ ការពារការឆ្លងរីករាលដាលមេរោគកូវីដ១៩។
លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា កាលពីថ្ងៃទី ២៩ ខែមីនា ២០២០ យន្តហោះរបស់ក្រុមហ៊ុន JC Airline លេខ QD738A ដឹកជនជាតិចិន១៤៦នាក់ ពិតជាបានធ្វើដំណើរពីភ្នំពេញទៅទីក្រុង Chengdu ប្រទេសចិន ហើយត្រូវបានភាគីចិនមិនអនុញ្ញាតចុះចតមែន ប៉ុន្តែមិនមែនដោយសារនៅលើយន្តហោះនោះ មានជំងឺកូវីដ១៩នោះឡើយ។
លោកបញ្ជាក់ថា ការដែលភាគីចិនមិនឲ្យចត ដោយសារតែការអនុវត្តន៍វិធានការថ្មី គឺរដ្ឋាភិបាលចិនត្រូវគ្រប់ក្រុមហ៊ុនទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក ចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ហោះបានតែមួយផ្លូវគត់ ហើយមួយផ្លូវហោះបានតែមួយជើងគត់ក្នុង១សប្តាហ៍។
លោកថា នៅពេលនោះក្រុមហ៊ុន JC Airline មិនបានគិតដល់នៃពេលវេលា ដែលភាគីចិនអនុវត្តន៍វិធានការថ្មី ទើបត្រូវបកក្រោយត្រឡប់មកកម្ពុជាវិញ មិនមែនដោយសារមានជំងឺកូវីដ១៩ លើយន្តហោះនោះឡើយ៕