(ភ្នំពេញ)៖ ករណីឃាត់ខ្លួននាយរងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញម្នាក់ ក្រោយបើកការបាញ់រះជិត ១០គ្រាប់ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញរបាយការណ៍នៃហេតុការណ៍។
យោងតាមរបាយការណ៍របស់ស្នងការរងនគរបាលរាជធានីភ្នំពេញ និងនាយការិយាល័យប្រឆាំងគ្រឿងញៀន ដាក់ជូនស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២១ លោកវរសេនីយ៍ទោ គង់ សុភាព នាយរងការិយាល័យ បានទទួលព័ត៌មានពីភ្នាក់ងារថា មុខសញ្ញាឈ្មោះ យ៉ា ចូលទៅសម្ងំលាក់ខ្លួន នៅម្តុំក្តាន់២ ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយក៏ចេញទៅទីតាំងខាងលើ។ ពេលទៅដល់ ឃើញមានសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ លោកវរសេនីយ៍ទៅ គង់ សុភាព បានស្ទុះទៅចាប់ តែមុខសញ្ញាទាំងនោះ បានរត់គេចខ្លួនតាមច្រកតូចៗបាត់អស់ ហើយក៏ផ្ទុះអាវុធចំនួន ៦គ្រាប់។
រឿងហេតុនៃការបង្ក្រាបករណីគ្រឿងញៀននេះ ដោយសារកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦៖០០ មានការអនុញ្ញាតតាមរយៈទូរស័ព្ទពីលោក ឡុង ដាប ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យមន្ត្រីអនុវត្តន៍ច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្រាបករណីជាក់ស្តែង ករណីជួញដូរគ្រឿងខុសច្បាប់ នៅចំណុចវត្តតាំងក្រសាំងខាងកើត ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ៥នាក់។ ករណីនេះចាប់យកវត្ថុតាង៖ ១៖ ក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ៣កូនកញ្ចប់ថង់, ២៖ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង, ២៖ ដាវ ២ដើម, និងទូរស័ព្ទ ២គ្រឿង៕
ព័ត៌មានលម្អិត សូមអានរបាយការណ៍ខាងក្រោមនេះ៖