(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមរបាយការណ៍ដែលក្រសួងសុខាភិបាលកម្ពុជា ទទួលបានពីអង្គការសុខភាពពិភពលោក WHO បានបង្ហាញថា រហូតមកដល់ពេលនេះ រកឃើញឧបករណ៍តេស្ដរហ័សរក COVID-19 ប្រមាណ ២០០ប្រភេទផ្សេងគ្នា ប៉ុន្ដែមិនទាន់សម្រេចឲ្យប្រើប្រាស់ជាផ្លូវការនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកស្រី ឱ វណ្ណឌីន បានអះអាងថា ឧបករណ៍តេស្ដរហ័សទាំង២០០ប្រភេទនេះ គឺកំពុងស្ថិតក្នុងការសាកល្បងនៅឡើយទេ ហើយឧបករណ៍ទាំងនោះ មានប្រសិទ្ធភាពទាបបំផុត សឹងតែយកជាការមិនបាន។
លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបថា រ៉ាប៊ីតតេស្ដ (ឧបករណ៍តេស្ដរហ័ស) ចេញច្រើនណាស់ ពេលនេះតាមអង្គការសុខភាពពិភពលោកប្រាប់ខ្ញុំថា មានប្រហែល២០០បែប។ អ្នកដែលផលិតចេញមក គឺល្អហើយ ប៉ុន្ដែយើងត្រូវមើលប្រសិនភាពនៃការប្រើរបស់វាដែរ»។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានគូសបញ្ជាក់ទៀតថា ពាក់ព័ន្ធបញ្ហានេះ អង្គការសុខភាពពិភពលោក បាននិងកំពុងបង្កើនល្បឿនដើម្បីឲ្យមានការវាយតម្លៃ ឧបករណ៍ដែលបានដាក់ស្នើសុំ ទៅអង្គការនេះ ដែលគេសង្ឃឹមថា ក្នុងពេលឆាប់ៗ អាចនឹងមានការណែនាំឲ្យមានការប្រើប្រាស់ឧបករណ៍តេស្ដរហ័ស។
លោកស្រីក៏បានបន្ថែមទៀតថា ឧបករណ៍សម្រាប់ធ្វើតេស្ដដែលបរទេសផ្ដល់ជាជំនួយមកប្រទេសកម្ពុជា គឺមិនមែនសម្រាប់ឲ្យធ្វើតេស្ដ ជាលក្ខណៈបុគ្គលនោះទេ ពោលសម្រាប់ប្រើប្រាស់ក្នុងមន្ទីរពិសោធន៍តែប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋកុំមានការភ័ន្ដច្រឡំចំពោះករណីនេះ។
សូមជម្រាបថា នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មី ពីជំងឺកូវីដ១៩ចំនួន២នាក់ សរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល ៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មី៤នាក់នោះ មានទី១៖ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលបម្រើការងារនៅកាស៊ីណូ និងខារ៉ាអូខេមួយ នៅច្រកប៉ោយប៉ែត, ទី២៖ បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកដំណើរត្រឡប់ពីប្រទេសជប៉ុនចូលកម្ពុជា ថ្ងៃទី២៨ ខែមីនា, ទី៣៖ ស្រ្តីជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបវិលត្រឡប់ពីប្រទេសអង់គ្លេស ចូលមកកម្ពុជាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ និងទី៤៖ បុរសជនជាតិបារាំង នៅម្តុំទួលទំពូង រាជធានីភ្នំពែញ ដែលធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា មកដល់កម្ពុជាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលជាសះស្បើយថ្មី២នាក់ទៀត គឺមាន បុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានធ្វើតេស្តចំនួន២លើកឃើញថា លទ្ធផលអវិជ្ជមានទាំងពីរលើក។ អ្នកទាំងពីរត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ៕