(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រី សរុបទាំង០៩រូប ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីរដ្ឋសភា បានបើកកិច្ចប្រជុំផ្ដល់សេចក្ដីទុកចិត្តនោះ បានអញ្ជើញចូលទៅស្បថនៅក្នុងព្រះបរមរាជវាំង វេលាម៉ោង ៤រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ក្រោយពីរដ្ឋសភា បានបើកកិច្ចប្រជុំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តកាលពីព្រឹកមិញ។
ព្រះរាជក្រឹត្យព្រះមហាក្ស បានសម្រេចតែងតាំង ទេសរដ្ឋមន្ដ្រី ចំនួន០៥រូប រួមមាន៖
*ទី១៖ លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
*ទី២៖ លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
*ទី៣៖ លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
*ទី៤៖ លោក ត្រាំ អ៉ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
*ទី៥៖ លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។
ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់កែសម្រួល និងតែងតាំងសមាសសភាពរដ្ឋមន្ដ្រីទាំង ៥រូបរួមមាន៖
*ទី១៖ លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
*ទី២៖ លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌
*ទី៣៖ លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
*ទី៤៖ លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា
*ទី៥ ៖ លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៕'