(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសតែងតាំង អធិការនគរបាលក្រុងបាវិតថ្មី ដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ ឡើងជំនួសលោកវរសេនីយ៍ឯក កែវ គង់ ដែលទទួលភារកិច្ចជានាយរងការិយាល័យវិទ្យុទាក់ទង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ពិធីនេះបានធ្វើឡើងដោយមានការចូលរួមពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត លោកនាយ នាយរងការិយាល័យបុគ្គលិក លោកអធិការក្រុង ស្រុក លោកមេបញ្ជាការវរសេនាតូច នគរបាលការព្រំដែនទាំងពីរ លោកចៅសង្កាត់ទាំង៥ លោកមេបញ្ជាមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកមេបញ្ជាការផ្នែកសឹករងក្រុង លោកអធិការរង លោកនាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីចំណុះអធិការដ្ឋាននគរបាលក្រុងបាវិតសរុប ៥៥រូប។
លោក លឹម សៀងហេង បានថ្លែងផ្តាំផ្ញើអធិការនគរបាលថ្មី ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្ការ និងបង្រ្កាបបទល្មើសផ្សេងៗដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមូលដ្ឋានក្រុងបាវិតឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
លោក កឹង ឃន ក៏បានជំរុញដល់អធិការនគបាលថ្មី ត្រូវធ្វើកិច្ចការដោយមានការចូលរួមពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ជាពិសេសត្រូវមាន ការសាមគ្គីភាព ផ្ទៃក្នុង និងត្រូវគោរពអនុវត្តឲ្យមានប្រសិទ្ធភាព ខ្ពស់នូវរាល់បទបញ្ជារបស់គណៈបញ្ជាការឯកភាពក្រុងបាវិត ដែលមានលោក លឹម សៀងហេង ជាអភិបាលក្រុង។
លោក កឹង ឃន បានថ្លែងបន្តថា អធិការថ្មីត្រូវពង្រឹងរបៀបរបបការងារ តាមឋានានុក្រមការងារ និងត្រូវមានការលើកទឹកចិត្ត ជូនរង្វាន់ដល់អង្គភាពមន្រ្តីដែលមានស្នាដៃ យកចិត្តទុកដាក់អប់រំ ព្រមាន អនុវត្ត វិន័យ សីលធម៌ លក្ខន្តិកៈមន្រ្តីនគរបាលជាតិ និងអនុវត្តច្បាប់ចំពោះមន្រ្តីដែលខុសឆ្គង។ ត្រូវបែងចែកកិច្ចការងារជំនាញ ឲ្យបាន ច្បាស់លាស់ ទន្ទឹមនោះក៏ត្រូវមានអង្គប្រជុំទៀងទាត់ និងត្រូវរួមសហការជាមួយអាជ្ញាធរក្រុង និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ឲ្យមានកម្រិតទាប ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានបន្ថែមថា អាជ្ញាធរចៅសង្កាត់ទាំង៥ និងលោកមេប៉ុស្តិ៍ក្នុងក្រុងបាវិត ត្រូវបន្តធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីមេរោគឆ្លងកូរ៉ូណា និងមានវិធានការ ទប់ស្កាត់ នៃជំងឺនេះជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការកុំឱ្យរីករាលដាល ព្រោះសម្រាប់ខេត្តស្វាយរៀងមិនទាន់មានពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ១៩នេះទេ រហូតមកដល់ ពេលនេះ ពិសេសនោះត្រូវអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពផងដែរ៕