(ភ្នុំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា មានបុរសស្រវឹងអាងយ៉ាងម្នាក់ បើកឡានទំនើបបុកម៉ូតូមួយគ្រួសារ បណ្តាលឲ្យឪពុកបាក់ជើងទាំងពីរ និងកូនស្រីអាយុ៤ឆ្នាំ បាក់ជើងម្ខាង ខណៈម្តាយរងរបួសតិចតួច ហើយចុះមករករឿងទាំងខ្លួនខុសទៀត ធ្វើឲ្យមានការខឹងសម្បាពីប្រជាពលរដ្ឋ បំរុងនិងកើតហឹង្សាតែត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៌ទាន់ពេល។
ហេតុការណ៌នេះបានកើតឡើងនៅម៉ោង ១២៖៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសុធារសកែងនិងផ្លូវលេខ ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌខំការមន។
ព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅម៉ោងខាងលើគេបានឃើញគ្រួសារមួយមានគ្នាបីនាក់ ដែលប្រកបររកស៊ីលក់សណ្តែកដីពេលយប់ ដោយមធ្យោបាយម៉ូតូវីវាមួយគ្រឿង ជិះតាមបណ្តោយផ្លូវសុធារស ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវកែងក៏មានបុរសស្រវឹងម្នាក់ បើករថយន្ត Camry ស្លាកលេខភ្នំពេញ 2Q-0069 មកដល់ដែរ បានបុកពេញទំហឹង ជាមួយម៉ូតូធ្វើឲ្យខាងម៉ូតូរងរបួសធ្ងន់ធ្ងរពីរនាក់ (ឪពុកកូនបាក់ជើងទាំងពីរនាក់) បន្ទាប់មកបុរសដែលបង្កនោះបានចុះពីរថយន្តរករឿងជនរងគ្រោះថែមទៀត។
បន្ទាប់មកបុរសបង្កបាន ខលហៅបងប្អូនដែលជិះរថយន្ត Land Cruiser កប់សេរីពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ៖ 2AI-6699 មករំដោះចេញពីកន្លែងកើតហេតុ ដោយគេចវេសមិនទទួលខុសត្រូវលើទង្វើរបស់ខ្លួន បន្ទាប់ពីឡើងជិះរថយន្តដែលមករំដោះ ចេញនោះប្រមាណជា២គីឡូម៉ែត្រក៏ត្រូវបានកម្លាំងអាវុធហត្ថ ជាច្រើននាក់ ដេញចាប់យកមកវិញបង្កជាភាពអាម៉ាស់ ដល់ម្ចាស់រថយន្ត Land Cruiser សេរីទំនើបនោះផង ដែលរងការមើលងាយពីសំណាក់ប្រជាពលរដ្ឋថា ពិតជាថោកមែនដែលខ្លួនសុទ្ធតែជាអ្នក មានគ្រាន់តែ រឿងគ្រោះថ្នាក់មិនព្រមដោះស្រាយជួយមើលគ្នាទេ បែរជាព្យាយាមគេចរត់ទៅវិញ។ ចុងក្រោយម៉ូតូ និងរថយន្តរួមទាំងអ្នកបើកបរ ត្រូវបានចរាចរខណ្ឌចំការមន ឃាត់ខ្លួនយកទៅអធិការដ្ឋានដើម្បីដោះស្រាយនៅពេលក្រោយ។
យ៉ាងណាក៏ដោយ មន្រ្តីនគរបាលចរាចរខណ្ឌចំការមន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៥ ខែមករា នេះថា គ្រោះថ្នាក់ចរាចរណ៌មួយនេះ មិនបណ្តាលឲ្យឪពុកបាក់ជើងនោះឡើយ គឺបាក់ជើងតែកូនប៉ុណ្ណោះ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ កម្លាំងនគរបាល កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕