(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានជំរុញដល់មន្ត្រីពាក់ព័ន្ធទូទាំងខេត្តត្រូវពង្រឹង និងអនុវត្តឱ្យម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ជាពិសេសនៅតាមច្រកព្រំដែន ខណៈបច្ចុប្បន្ននេះខេត្តព្រៃវែង មិនមិនទាន់រកឃើញករណីផ្ទុកវីរុស COVID-19 នៅឡើយទេ។
ការជំរុញបែបនេះរបស់លោក ស្បោង សារ៉ាត បានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែល លោកបានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់រដ្ឋបាលខេត្តព្រៃវែង ដោយមានការចូលរួមពីលោក ជា សុមេធី អភិបាលខេត្ត និងលោកលោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលខេត្ត និងទីចាត់ការសាលាខេត្ត សាលាដំបូងខេត្ត សាខាកាំកុងត្រូលខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យ៉ាងច្រើនផងដែរ។
ឱកាសនោះដែរលោក ស្បោង សារ៉ាត បានណែនាំដល់មន្ទីរជំនាញដែលពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាប្រឈមនានា នៅតាមមូលដ្ឋាន បន្ដពង្រឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ខិតខំបម្រើសេវាសាធារណៈឱ្យបានល្អ។
លោក ស្បោង សារ៉ាត បានបន្តថា ក្នុងនោះដែរ អាជ្ញាធរខេត្ត ក៏បានបង្កើតក្រុមការងារគណៈកម្មការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ នៅក្នុងខេត្ត ហើយក៏បានត្រៀមបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺប្រភេទថ្មីនេះ នឹងដាក់ឱ្យមន្រ្តីជំនាញ ចុះប្រចាំការនៅច្រកទ្វារភាគីព្រំដែនអន្ដរជាតិ និងត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋនៅតាមដងផ្លូវ នៅគោលដៅសំខាន់ៗ ហើយបានត្រៀមក្រុមគ្រូពេទ្យជំនាញ ដើម្បីពិនិត្យ និងព្យាបាល រួមទាំងបន្ទប់ និងសម្ភារបរិក្ខាពេទ្យមួយចំនួន ក្នុងករណីមានអ្នកសង្ស័យ ឬផ្ទុកវីរុស COVID-19។
ក្រៅពីនោះមន្រ្តីជំនាញ បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ចុះធ្វើការអប់រំផ្សព្វផ្សាយ ស្តីពីវិធានការ បង្ការការពារ ទប់ស្កាត់ ការរីករាលដាល នៃវីរុស COVID-19 ដល់មូលដ្ឋាន ហើយរហូតមកដល់ពេលនេះ សម្រាប់ខេត្តព្រៃវែង មិនទាន់រកឃើញករណីផ្ទុកវីរុស COVID-19 នោះទេ។
នៅក្នុងឪកាសនោះដែរលោក ស្បោង សារ៉ាត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្តបានចូលរួមថវិកាសរុបចំនួន ៥,១០០,០០០រៀល ជូនដល់សាលាខេត្តដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19 និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្ទីរអង្គភាពនានា ជុំវិញខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋាន បានទាន់ពេលវេលា ចូលរួមធ្វើឱ្យខេត្ត មានការរីកចម្រើនជាបន្ដបន្ទាប់ និងសូមឱ្យចូលរួមខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ ក្រុមប្រឹក្សាខេត្ត ក៏បានអនុម័តនូវរបៀបវារៈមួយចំនួនរួមមាន៖
ទី១៖ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
ទី២៖ ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយកាណ៍ប្រចាំខែមីនា និងសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង
ទី៣៖ សេចក្តីរាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត មានគណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តគណៈកម្មាធិការលទ្ធកម្មខេត្ត បញ្ហាផ្សេងៗ៕