(រតនគិរី)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានជំរុញឱ្យកម្លាំងនគរបាលចូលរួមអនុវត្តពង្រឹងការងារសន្តិសុខ អនុវត្តបទបញ្ជាអំពីការទប់ស្កាត់ និងបង្កាវីរុស COVID-19 ការពារគោលដៅទាំង១៤ (កន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺ) និងតាមដានមុខសញ្ញាជនសង្ស័យ ដែលជាអ្នកចំណូលថ្មី ចុះស្រាវជ្រាវនៅទីប្រជុំជនទីផ្សារ ដើម្បីស្វែងរកជនល្មើសឆ្លៀតឱកាសរកផលប្រយោជន៍ លក់ឧបករណ៍ធ្វើតេស្តិ៍មេរោគកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ទាំងមូល។
ការជំរុញបែបនេះ របស់លោកឧត្តមសេនីយ៍ទោ យិន ចំណាន បាននៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលស្នងការនគរបាលខេត្ត បានរៀបចំផ្សព្វផ្សាយការកែសម្រួល អនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានអានសុន្ទរកថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ជូនមន្ត្រីនគរបាលដែលបានចូលរួមក្នុងពេលនេះ ដើម្បីឱ្យយល់អំពី ការអប់រំផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ក៏ត្រូវបានធ្វើឡើងគ្រប់រូបភាព សំដៅលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ក្នុងសន្ទរកថាគូសបញ្ជាក់ថា បើប្រៀបធៀបនឹង ឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានការកើនឡើង៨៥៤លើក ស្មើនឹង២៦ភាគរយ ក្នុងនោះអ្នកស្លាប់កើនឡើងចំនួន១៣៧១នាក់ ស្មើនឹង២៩ភាគរយ។ ហេតុនេះ ដើម្បីទប់ស្កាត់ និងកាត់បនថយ ឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មាការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ចាប់ពីឆ្នាំ២០២០ នេះតទៅ។
ផ្អែកលើវិធានការនេះ និងដោយមានការសិក្សាស្រាវជ្រាវអំពីឥរិយាបថ នៃការគោរពអនុវត្តច្បាប់ របស់អ្នកប្រើប្រាស់ផ្លូវ និងផ្អែកតាមបទពិសោធន៍ នៅតាមប្រទេសនានា រាជរដ្ឋាភិបាលបានសម្រេចធ្វើវិសោធនកម្មអនុក្រឹត្យស្តីពី ការពិន័យអន្តរការណ៍ ដោយបង្កើនប្រាក់ពិន័យអន្តរការណ៍ពី៣ ទៅ៥ដង ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
បើយោងរបាយការណ៍លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ បានលើកឡើងថា ក្នុងរយៈពេល៣ខែ គ្រោះថ្នាក់ចរាចរណ៍ អ្នកស្លាប់បានកើនឡើងចំនួន១នាក់ បើប្រៀបធៀប ទៅនឹង៣ខែដើម ឆ្នាំ២០១៩, ទោះយ៉ាងណាក្តី រយៈពេល៣ខែដើមឆ្នាំនេះ កងកម្លាំងនគរបាលចរាចរណ៍ទូទាំងខេត្ត បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំអនុវត្ត តាមទិសដៅរបស់គណៈកម្មាធិការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងគោលដៅណែនាំរបស់ក្រសួងមហាផ្ទៃ ដោយខិតខំប្រឹងប្រែងបំពេញភារកិច្ចមិនខ្លាចនឿយហត់ ដើម្បីរួមចំណែកពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព បានឱ្យដឹងថា ទោះបី ៣ខែនេះ ចំនួនអ្នកស្លាប់កើនឡើងចំនួន១នាក់ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍បានថយ ចុះចំនួន២២លើក របួសធ្ងន់ថយចុះ៤២នាក់ និងរបួសស្រាលថយចុះ១៩នាក់។ លោកស្នងការរងរូបនេះ បញ្ជាក់ឱ្យដឹងទៀតថា ពេលបំពេញការងារ កម្លាំងមានការខ្វះខាតឧបករណ៍សម្ភារ បច្ចេកទេសមួយចំនួនក្តីក៏បងប្អូនបានតស៊ូពុះពារគ្រប់ឧបសគ្គទ្រាំទ្រនឹងកំដៅថ្ងៃ ភ្លៀងរលឹម ចេញល្បាតត្រួតពិនិត្យការកកស្ទុះចរាចរណ៍ ដោះស្រាយការគ្រោះថ្នាក់ជួយសង្គ្រោះជនរងគ្រោះមិនគិតពីពេលវេលាថ្ងៃយប់ ថ្ងៃបុណ្យទាន ថ្ងៃឈប់សម្រាក ឬភាពប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
សូមបញ្ជាក់ថានៅស្នងការដ្ឋាននគរបាលខេត្ត បានបើកវគ្គរៀនសូត្រជូនមន្ត្រីនគរបាលចរាចរណ៍ថ្នាក់អធិការរង ប្រធានផ្នែក និងអនុប្រធានផ្នែក រយៈពេល៤ថ្ងៃ គឺចាប់ពីរសៀលថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ និងការអនុវត្តផាកពិន័យអន្តរការណ៍ គឺចាប់ផ្តើមពីដើមខែឧសភា ឆ្នាំ២០២០ នេះតទៅ៕