(អារ៉ាប៊ីសាអូឌីត)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងការទូត ជាមួយនឹងប្រទេសអ៊ីរ៉ង់ ហើយបានស្នើឲ្យមន្ត្រីការទូត ជនជាតិអ៊ីរ៉ង់ទាំងអស់ ចាកចេញពីប្រទេសរបស់ខ្លួន ក្នុងរយៈពេល៤៨ម៉ោង នេះបើតាមព័ត៌មាន Xinhua ចេញផ្សាយនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីការទូតអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir បានបញ្ជាក់ថា មានការវាយប្រហារមកលើ ក្រុមបេសកម្មការទូតរបស់អារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ុន្តែមិនមានអ្នករងរបួសនោះទេ ដោយពួកគេបានមកដល់ទីក្រុង Dubai សហភាពអារ៉ាប់រួម ដោយសុវត្ថិភាព។ លោក Adel al-Jubeir បានចោទប្រកាន់ក្រុមអាជ្ញាធរអ៊ីរ៉ង់ថា មិនមានការចាត់វិធានការណាមួយ ដើម្បីការពារការវាយប្រហារប្រឆាំងនឹង ស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេស Tehran និងក្រុមកុងស៊ុល នៅក្នុងទីក្រុង Mashhad របស់អ៊ីរ៉ង់។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមអ្នកតវ៉ាអ៊ីរ៉ង់ពោរពេញដោយកំហឹង បានធ្វើការវាយប្រហារលើ ក្រុមបេសកម្មការទូត អារ៉ាប៊ីសាអូឌីត ដោយតវ៉ានឹងការកាត់ទោសប្រហារជីវិតរបស់អារ៉ាប៊ីសាអូឌីត លើបុគ្គលចំនួន៤៧នាក់ ដោយចោទប្រកាន់ពីបទភេរវកម្ម។ លោក al-Jubeir បន្តថា ការវាយប្រហារនេះ បានបំពានលើកិច្ចព្រមព្រៀងអន្តរជាតិ ហើយបានចោទប្រកាន់ថា ក្រុមតវ៉ាទាំងអស់នេះ ក៏បានវាយប្រហារលើស្ថានទូត សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសកាលពីពេលមុនផងដែរ។ សម្រាប់ការកាត់ទោសប្រហារជីវិតនេះ ប្រធានាធិបតីអ៊ីរ៉ង់ បានប្រើពាក្យថា ជាអំពើ «ឃោឃៅ»។
លោកក៏បានជម្រុញឲ្យភាគីអ៊ីរ៉ង់ដែលជាប់ពាក់ព័ន្ធ ធ្វើការផ្តន្ទាទោសលើបុគ្គលជ្រុលនិយម ដែលបានវាយប្រហារលើស្ថានទូត និងមន្ត្រីកុងស៊ុលអារ៉ាប៊ីសាអីឌីត នៅទីក្រុង Mashhad ផងដែរ។
គួរជម្រាបថា បណ្តាប្រទេសលោកខាងលិចមួយចំនួន បានបង្ហាញនូវការព្រួយបារម្ភ របស់ខ្លួន ចំពោះការកាត់ទោសប្រហារជីវិត លើក្រុមមនុស្ស៤៧នាក់ របស់អារ៉ាប៊ីសាអូឌីតផងដែរ៕