(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ អំពាវនាវដល់ម្ចាស់ទីតាំងនានា ដែលបានជួលទីកន្លែងរបស់ខ្លួន ឱ្យអ្នកដទៃរកស៊ី ត្រូវមានការយោគយល់ ចំពោះការបង់ថ្លៃសេវាជួលទីតាំង ឬអាចទម្លាក់ពេលបង់លុយ ឬទម្លាក់តម្លៃក្នុងកាលៈទេសៈប្រទេសកម្ពុជា កំពុងតែជួបវិបត្តិនៃការរាតត្បាតវីរុស COVID-19។
ការអំពាវនាវបែបនេះ របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព រៀបចំសន្និសីទសារព័ត៌មានផ្ញើជូនជនរួមជាតិ ក្រោយបញ្ចប់ការបើកសម័យ ប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «អំពាវនាវឱ្យវិស័យឯកជន និងវិស័យឯកជនយោគយល់គ្នា ក្នុងការរកស៊ីជាមួយគ្នានោះ ឋិតនៅត្រង់ថា ឧទាហរណ៍ថា ឯកជនមួយគាត់បើកអាជីវកម្ម ក៏ប៉ុន្តែអាជីវកម្មនេះ គាត់មិនមានទីតាំងខ្លួនឯងទេ គាត់ទៅជួលហាងពីម្ចាស់មួយទៀត ដល់អាជីវកម្មពេលនេះ វាកំពុងធ្លាក់ចុះ ឬរហូតដល់បិទទ្វារ ដូច្នេះ សូមឱ្យគូភាគីនេះ ធ្វើការយោគយល់គ្នា កាត់បន្ថយនៃការបង់ ឬពន្យា ឬក៏ថាមិនឱ្យបង់ ឬកាត់បន្ថយ យើងគ្រាន់តែអំពាវនាវ យើងអត់មានសិទ្ធិកាត់ក្តីសម្រាប់គូភាគី អានេះជាការអនុវត្តកិច្ចសន្យា រវាងគូភាគីតែប៉ុណ្ណោះ»។
«អញ្ចឹងទេ សូមឱ្យមានការយោគយល់គ្នា នៅលើបញ្ហាហ្នឹង ខ្ញុំបានស្តាប់នូវមនុស្សមួយចំនួនដែលបានរកស៊ីជួល អគារគេ ជួលទីតាំងគេ អាឡូវម្ចាស់ដើមទារពេញថ្លៃ ក្នុងពេលដែលគ្នារកចំណូលអត់បាន អញ្ចឹងទេ សូមកុំកាប់មេមាន់ ទទួលទាន គួរត្រូវរក្សាមេមាន់នេះ ដើម្បីថ្ងៃក្រោយ ឱ្យវាពងកូនតទៅទៀត អញ្ចឹងប្រសិនបើកាប់គ្នា ក្នុងពេលនេះគឺបានសេចក្តីថា ហាងហ្នឹងត្រូវបិទទ្វារ រហូតគ្មានអ្នកណាជួល ទៅថ្ងៃក្រោយ ប៉ុន្តែ ប្រសិនជាអនុគ្រោះឱ្យគ្នា ១ខែ ២ខែ ឬក៏បញ្ចុះថ្លៃប៉ុណ្ណនេះភាគរយ ឬ៥០ភាគរយ ៦០ ឬ៧០ភាគរយ គឺយើងអាចរក្សាអតិថិជនឱ្យជួលត្រឡប់មកវិញ នៅពេលដែលសភាពការណ៍បានរើបម្រាស់ត្រឡប់មកវិញ»។
ជាមួយគ្នាដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ការបង់ថ្លៃជួល ការបង់រំលោះផ្ទះ បង់រំលោះរថយន្ត ព្រមទាំងការបង់រំលោះអ្វីៗ ផ្សេងទៀតនៅកម្ពុជា គឺមានច្រើនប្រភេទ នៅក្នុងប្រទេសកម្ពុជា ដូច្នេះ គម្បីម្ចាស់ទីតាំង និងអតិថិជន ដែលជាអ្នកបង់រំលោះ ត្រូវផ្តល់នូវការយោគយល់គ្នា ទៅវិញទៅមក ដើម្បីចូលរួមសម្រួលការលំបាកនៅក្នុងកាលៈទេសៈប្រទេសកម្ពុជា កំពុងតែជួបនូវវិបត្តិ នៃការរាតត្បាតវីរុស COVID-19 នេះ។
បុរសខ្លាំងកម្ពុជារូបនេះ បានបញ្ជាក់ថា រដ្ឋមិនសិទ្ធិលុកលាន់កិច្ចការរបស់វិស័យឯកជននោះទេ ក៏ប៉ុន្តែ ក្នុងកាលៈទេសៈនេះ ប្រសិនបើច្បាប់ដាក់ ប្រទេសក្នុងគ្រាមានអាសន្ន បានចេញជារូបរាង គឺរដ្ឋអាចមានសិទ្ធិកំណត់នូវមុខទំនេញមួយចំនួនចំពោះតម្លៃ ក៏ប៉ុន្តែ សម្រាប់នាពេលនេះ កម្ពុជា កំពុងតែអនុវត្តន៍នូវសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះ រដ្ឋអត់មានសិទ្ធិលើការកំណត់តម្លៃទំនេញនោះទេ។ មានសិទ្ធិចូលរួមចចារតម្លៃ ឱ្យមានការស្រុះស្រួលគ្នា។
គួរជម្រាប នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រសួងទេសចរណ៍ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។
ការសម្រេចបិទបៀរហ្កាឌិន ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ១៩ បានរីករាលដាលក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានអនុវត្តវិស្សមកាលមុនកាលកំណត់ បិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត និងសារៈមន្ទីរជាដើម៕