(ភ្នំពេញ)៖ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មន្ទីរពេទ្យអន្តរជាតិថ្មីមួយ បានប្រកាសចាប់ផ្តើមបើក នៅថ្ងៃច័ន្ទនេះហើយ ដើម្បីផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជា ដោយពុំចាំបាច់ធ្វើដំណើរ ទៅកាន់ប្រទេសជិតខាងទៀតឡើយ។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ដែលជាមន្ទីរពេទ្យអន្តរជាតិ គ្រប់គ្រងដោយអ្នកដឹកនាំផ្នែកថែទាំសុខភាពអន្តរជាតិកំពូលមួយរូប មកពីប្រទេសសិង្ហបុរី រួមជាមួយវេជ្ជបណ្ឌិត និងអ្នកជំនាញជាច្រើនទៀត មកពីប្រទេសសិង្ហបុរី បារាំង និង សហរដ្ឋអាមេរិក។

លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ នាយកប្រតិបត្តិនៃមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ មានប្រសាសន៍ថា «សេវាកម្មនិងស្តង់ដារដែលយើង នាំមកកម្ពុជាសុទ្ធតែលំដាប់អន្តរជាតិ និងតាមវិធីសាស្រ្តថែទាំសុខភាព របស់សិង្ហបុរី ដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកជំនាញដ៏ល្អបំផុត ជាមួយនឹងឧបករណ៍ទំនើបចុងក្រោយ»។

លោកក៏បានមានប្រសាសន៍ថា «មន្ទីរពេទ្យយើងខ្ញុំ មានតម្លៃសមរម្យ ទាបជាងតម្លៃមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី»។ លោកបានបន្ថែមថា «ចក្ខុវិស័យរបស់យើងខ្ញុំ គឺធ្វើជាដៃគូថែទាំសុខភាព របស់លោកអ្នកជារៀងរហូត។ រីឯបេសកកម្មរបស់យើងខ្ញុំ គឺផ្តល់ការព្យាបាលដែលប្រកបដោយប្រសិទ្ធភាព ជាមួយនឹងបច្ចេកវិទ្យាសុខាភិបាលចុងក្រោយ តាមវិធីសាស្រ្តវេជ្ជសាស្រ្តអន្តរជាតិ និងប្រកបដោយក្រមសីលធម៌ខ្ពស់»

ប្រជាជនកម្ពុជាដែលកំពុងជួបប្រទះនូវបញ្ហាសុខភាព ឬត្រូវការការថែទាំសុខភាព ដែលមានជំនាញខ្ពស់ មិនចាំបាច់ធ្វើដំណើរទៅបរទេសទៀតឡើយ ដោយសារតែមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ផ្តល់នូវសេវាកម្មដែលមានស្តង់ដារ ដូចសិង្ហបុរី និងដូចមន្ទីរពេទ្យអន្តរជាតិផ្សេងៗដែរ។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានត្រៀមខ្លួនរួចជាស្រេចក្នុងការពិនិត្យ និងថែទាំសុខភាពរបស់អ្នកជំងឺតាមរយៈសេវាកម្មផ្សេងៗដូចជា ពិនិត្យក្នុងមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្រ្តដោយការឆ្លុះអេកូ ថតកាំរស្មីអិច ថតCT ឆ្លុះពិនិត្យសុដន់ ឆ្លុះក្រពះ ឆ្លុះពោះវៀនធំ សម្ភព រោគស្ត្រី ផ្នែកកុមារ និងការវះកាត់ទូទៅ។

នៅអំឡុងពេលប៉ុន្មានខែខាងមុខទៀត មន្ទីរពេទ្យយើងខ្ញុំនឹងបន្ថែមសេវាកម្មមួយចំនួនទៀតដូចជា ផ្នែកត្រចៀក ច្រមុះ បំពង់ក សុខភាពបុរស និងភ្នែក រីឯឧបករណ៍វេជ្ជសាស្រ្តវិញគឺទំនើប និងជាឧបករណ៍ចុងក្រោយគេបង្អស់មកពីសហរដ្ឋអាមេរិក អាឡឺម៉ង់ និងជប៉ុន។

លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ បានមានប្រសាសន៍ថា «ទន្ទឹមនឹងការផ្តល់ជូននូវសេវាកម្មថែទាំ និងព្យាបាលនៅប្រទេសកម្ពុជា យើងខ្ញុំនឹងធ្វើការសហការ ដោយជិតស្និតជាមួយនឹងដៃគូផ្នែក សុខាភិបាល និងក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ស្តង់ដារនៃការថែទាំសុខភាព ឲ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត»

នៅពេលដែលមានសំណួរសួរថា ហេតុអ្វីបានជាមន្ទីរពេទ្យចាប់បើកនៅអំឡុងពេលមានបញ្ហារាលដាលជំងឺកូវីដ១៩ និង ថាតើវាជាពេលល្អដែរឬទេ? លោកបណ្ឌិត ថេយ បានមានប្រសាសន៍ថា «ក្រសួងសុខាភិបាលកម្ពុជា បានកំណត់រួចទៅហើយនូវមន្ទីរពេទ្យមួយចំនួនសំរាប់ទទួលករណីជំងឺកូវីដ១៩ ដើម្បីដាក់អ្នកជំងឺកូវីដឲដាច់ដោយឡែកពីគេ ដូច្នេះមន្ទីរពេទ្យផ្សេងៗទៀតរួមទាំង ដឹ ប្រេស្ទីហ្ស៍ អាចទទួលព្យាបាលអ្នកជំងឺទូទៅបានធម្មតា។ ម្យ៉ាងទៀត អ្នកជំងឺទូទៅដូចជាស្ត្រីដែលមានផ្ទៃពោះជាដើម មិនអាចទៅទទួលការថែទាំនៅឯមន្ទីរពេទ្យដែលត្រូវបានត្រៀម សំរាប់ព្យាបាលអ្នកជំងឺកូវីដនោះបានទេ»

សរុបមក មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ មិនទទួលព្យាបាលអ្នកជំងឺកូវីដទេ ប៉ុន្តែយើងខ្ញុំនឹងសហការជាមួយនឹងមន្ទីរពេទ្យដែលត្រូវបានក្រសួងសុខាភិបាលកំណត់ និងស្ថាប័នផ្សេងៗដែលទាក់ទង ជាមួយនឹងករណីកូវីដ។

ក្នុងដំណាក់កាលដំបូង មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ នឹងបើកដំណើរការចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ ម៉ោង ៧ យប់។ មន្ទីរពេទ្យយើងខ្ញុំសូមស្វាគមន៍រាល់ភ្ញៀវទាំងអស់ ប៉ុន្តែយើងខ្ញុំសូមអំពាវនាវឱ្យលោកអ្នកធ្វើការណាត់ជួបជាមុន ដើម្បីឱ្យកាន់តែមានភាពងាយស្រួល។

សំរាប់ព័ត៌មានបន្ថែម សូមលោកអ្នកអញ្ជើញមកកាន់មន្ទីរពេទ្យយើងខ្ញុំផ្ទាល់នៅអស័យដ្ឋាន អគារលេខ៖ ១៦ និង ១៨ ផ្លូវលេខ ២១ (ខាងត្បូងផ្សារកាប់កូ ក្បែរវិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំបានតាមរយៈទូរស័ព្ទលេខ៖ ០២៣ ២៦៦ ៩៩៩, ០៨៥ ៦៨ ៩៥ ៦៨, ០៦៧ ៦៨ ៩៥ ៦៨។

ប្រតិ្តរូបលោកនាយកប្រតិបត្តិ:

លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ: ខ្ញុំបានចូលធ្វើការនៅឯក្រុមហ៊ុនឯកជនក្នុងឋានៈជាមន្រ្តីជាន់ខ្ពស់ក្នុងវិស័យផ្សេងៗដូចជាបដិសណ្ឋារកិច្ច វិស័យថែទាំសុខភាព អាជីវកម្មឱសថ ការដឹកជញ្ចូន ប៉ុន្តែខ្ញុំបានធ្វើការនៅក្នុងវិស័យថែទាំសុខភាពច្រើន ក្នុងនោះមានតួនាទីសំខាន់ៗដូចជា COO នៅមន្ទីរពេទ្យ តាន់ តុកសេង ក្នុងអំឡុងពេលការរាតត្បាតជំងឺ SARS, នាយកប្រតិបត្តិផ្នែកថែទាំសុខភាពនៅសហព័ន្ធពាណិជ្ជកម្មជាតិ (NTUC), សមាជិកនៃគណៈកម្មាធិការសភារដ្ឋាភិបាលសិង្ហបុរី, និងជានាយកប្រតិបត្តិនៃ Pemandu នៅប្រទេសម៉ាឡេស៊ី។

ពេលដែលខ្ញុំកំពុងធ្វើការនៅឯមន្ទីរពេទ្យ តាន់ តុកសេង ខ្ញុំបានបម្រើការនៅជួរមុខអំឡុងពេលដែលជំងឺសា (SARs) កំពុងរាតត្បាតនៅឆ្នាំ ២០០៣។ អំឡុងពេលនោះ ក្រុមការងាររបស់ខ្ញុំ ៣ នាក់បានស្លាប់ ហើយខ្ញុំមិនបានជួបកូនរបស់ខ្ញុំរយៈពេល ៨៩ ថ្ងៃ ពីព្រោះខ្ញុំមានភារកិច្ចបម្រើការនៅជួរមុខ។
«ពួកយើងបានខិតខំធ្វើការយ៉ាងស្វាត់ស្វែង រហូតដល់ពេលដែលការរាតត្បាត នៃជំងឺសាបានបញ្ចប់ទៅរយៈពេលប៉ុន្មានខែក្រោយមក។ យ៉ាងណាក្តី បទពិសោធន៍នេះ គឺជាមេរៀនដ៏សំខាន់មួយ ពីព្រោះខ្ញុំអាចរៀបចំនិងត្រៀមខ្លួនរួចជាស្រេចនៅមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ សំរាប់ករណី ដែលមានការរាលដាលជំអឹអ្វីមួយទៀត»។

លោកបណ្ឌិត ថេយ បានបន្ថែមថា «ទោះជាស្តង់ដារថែទាំសុខភាពនៅទីនេះ គឺល្អប្រសើរហើយក៏ដោយ ក៏ខ្ញុំចង់យកឱកាសនេះ មកចែករំលែកនូវបទពិសោធន៍ដែលខ្ញុំ មានកន្លងមកដើម្បីជួយលើកកំពស់វិស័យ ថែទាំសុខភាពនៅប្រទេសកម្ពុជា ឲ្យឆ្ពោះទៅកាន់ស្តង់ដារសិង្ហបុរី និងអន្តរជាតិ»

លើសពីនេះទៀត វាគឺជាឱកាសល្អមួយសំរាប់ខ្ញុំ ដើម្បីជួយបណ្តុះបណ្តាលយុវជនកម្ពុជាវ័យក្មេង ឲ្យទទួលបានតួនាទីជាអ្នកដឹកនាំក្នុងវិស័យថែទាំសុខភាព ដោយការសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល៕